អន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី Su-25 ធ្លាក់ក្បែរព្រំដែនអ៊ុយក្រែនសម្លាប់នាវិកម្នាក់

អ្នកបើកយន្ដហោះរុស្ស៊ីម្នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីSu-25 បានជួបឧប្បត្តិហេតុធ្លាក់ក្បែរព្រំដែនអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលត្រឡប់ពីបំពេញបេសកកម្មប្រយុទ្ធ។

យោងតាមអភិបាលតំបន់ Belgorod នៃភាគខាងលិចប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយតាមបណ្តាញតេលេក្រាមថា យន្តហោះរុស្ស៊ីមួយគ្រឿងស៊េរី Sukhoi Su-25  ពិតជាបានធ្លាក់នៅសង្កាត់ Valuysky តំបន់ជិតព្រំដែនអ៊ុយក្រែនមែន នៅពេលដែលវាកំពុងព្យាយាមបើកត្រឡប់មកកាន់មូលដ្ឋានទ័ពដើមវិញបន្ទាប់ពីបំពេញបេសកកម្មប្រយុទ្ធចប់នៅអ៊ុយក្រែន។ បើតាមក្រសួងការពារជាតិរុស្ស៊ី អ្នកបើកមិនត្រូវបានរស់រានជីវិតឡើយ បានធ្លាក់ឆេះស្លាប់ជាមួយយន្តហោះតែម្តង។ មូលហេតុនៃការធ្លាក់ឆេះ គេនៅមិនទាន់ដឹងច្បាស់លាស់ថាតើបណ្តាលពីការបាញ់​ទម្លាក់ដោយអ៊ុយក្រែន ឬយ៉ាងណានោះទេ តែក្រសួងថា ដោយសារដំណើរការខុស​បច្ចេកទេសម៉ាស៊ីន ខណៈឥឡូវនេះក្រុមស៊ើបអង្កេត និងមន្ត្រីនៃក្រសួង​ស្ថានការណ៍គ្រាអាសន្នកំពុងធ្វើការនៅនឹងកន្លែង។

ចាប់តាំងពីមានសង្រ្គាមមក រុស្ស៊ីបានរាយការណ៍ពីការធ្លាក់យន្តហោះចម្បាំងច្រើន​ក៏ដោយ ហើយការធ្លាក់ទាំងអស់គឺសុទ្ធតែអះអាងបណ្ដាលមកពីបញ្ហាម៉ាស៊ីន៕

ប្រភព៖  Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា