សន្ដិសុខសង្គម

ម៉ូតូនិងរ៉ឺម៉កលក់នំបញ្ចុកបុកគ្នាធ្លាក់ចូលទឹកប្រឡាយ សិស្ស៣នាក់រងរបួស

ភ្នំពេញ​៖ ក្មេងស្រីសិស្សសាលា៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានបុកជាមួយ​ម៉ូតូរ៉ឺម៉ក​ដឹកនំបញ្ចុក ហើយរ៉ឺម៉កក្រឡាប់ ចំណែកម៉ូតូធ្លាក់ចូលទឹកប្រឡាយ ធ្វើឱ្យរងរបួស៣នាក់។ហេតុការណ៍​នេះបានកើតឡើងនៅផ្លូវ​ជាតិ​លេខ​៤ ភូមិ​អង្គ​កែវ​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា បុរសម្ចាស់រ៉ឺម៉កឈ្មោះ​ភ័ក្រ្ក មករា​ អាយុ​២៤ឆ្នាំ​ អ្នក​លក់នំបញ្ចុក​ នៅ​​ភូមិ​ទួល​ត្នោត​​ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ចំណែកក្មេងស្រី៣នាក់-ឈ្មោះ​តាល់​ ស្រីពេជ្រ​-ឈ្មោះហុល លីហេង និងឈ្មោះ វន សុជាតា។ពួកគេជាសិស្សសាលាមានអាយុ១៤ឆ្នំា នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល បានរងរបួសត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កដឹកនំបញ្ចុកបានបត់ឆ្លងផ្លូវ ស្រាប់តែបុកជាមួយម៉ូតូស្កុបពី ជិះដោយក្មេងស្រីសិស្សសាលា៣នាក់បណ្តាលឱ្យរ៉ឺម៉កក្រឡាប់ម្ចាស់របួសបន្តិចបន្តួច ។ រីឯខាងម៉ូតូខ្ទាតធ្លាក់ចូលទឹកប្រឡាយធ្វើឱ្យក្មេងស្រី៣នាក់រងរបួសទាំង៣នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយ ពេលក្រោយ៕ដោយ៖វិចិត្រ