សន្ដិសុខសង្គម

បញ្ជូន២នាក់ករណីកាប់ប្រុងសម្លាប់បុរសម្នាក់ទៅតុលាការ

ភ្នំពេញ៖នគរបាលភ្នំពេញនិងនគរបាលខេត្តកណ្តាល ថ្ងៃទី២២ ខែកុម្ភៈ បានស្រាវជ្រាវ​ចាប់ជនសង្ស័យ២នាក់ ករណីកាប់ប្រុងសម្លាប់បុរសម្នាក់ត្រូវបានបញ្ជូនទៅ​តុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីជិត១០ថ្ងៃមុន មានករណីដ៏ឃោរឃៅមួយដោយជនល្មើស​បានប្រើកាំបិតផ្គាក់កាប់ប្រហារលើបុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ពេទ្យដេរ៥៥ថ្នេរ ហើយពួកគេនាំគ្នារត់បាត់អស់។ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។

បន្ទាប់ពីកើតហេតុ នគរបាលខណ្ឌកំបូលនិងនគរបាលស្រុកអង្គស្នួល សហការស្រាវជ្រាវ​តាមចាប់ជនដៃដល់បានចំនួន២នាក់។ជនសង្ស័យឈ្មោះ ម៉ី ផាន់ណា អាយុ២២ឆ្នាំ និងឈ្មោះ មុំ សុម៉ៃ អាយុ១៨ឆ្នាំ។ពួកគេស្នាក់នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។វត្ថុតាងដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកណ្តាល1AN-2388 និងកាំបិតប៉័ងតោ១។

ចំណែកជនរងគ្រោះឈ្មោះ ពុំ ឆេងលីម អាយុ២១ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ របួសក្បាលលើកញ្ចឹងករងរបួសធ្ងន់។ក្រោយចាប់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ