សន្ដិសុខសង្គម

ឃុំខ្លួននាយករងវិទ្យាល័យម្នាក់ សង្ស័យរំលោភសិស្សខ្លួនឯង

កំពង់ឆ្នាំង៖កាលពីថ្ងៃទី២៣ ខែកុម្ភៈ កម្លាំងនគរបាលបានចាប់នាយករងវិទ្យាល័យម្នាក់ តាមបណ្តឹងឪពុកម្តាយសិស្សស្រីរងគ្រោះ ករណីសង្ស័យរំលោភសេពសន្ថវៈអនីតិជន ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ៤១ឆ្នាំ ជានាយករងផ្នែក​វិន័យនិងបរិស្ថាននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំង។ជននេះជាប់សង្ស័យករណី​រំលោភសេពសន្ថវៈអនីតិជន ផលិតចែកចាយរូបភាពអាសអាភាសលើកុមារ ប្រព្រឹត្តនៅ​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មន្ត្រីដដែលបានបន្តថា៖ តាមបណ្តឹងឪពុកម្តាយក្មេងស្រីសិស្សវិទ្យាល័យអាយុ១៥ឆ្នាំ​បានបញ្ជាក់ថា ជនសង្ស័យបានលួងលោមកូនគាត់ថាទៅរៀនជិះរថយន្តជាមួយគ្នា។សេចក្តីក្នុងបណ្តឹងបានបន្តថា ក្រោយមកជនសង្ស័យបានលួចដាក់ថ្នាំចូលក្នុងទឹក​ឱ្យកូនគាត់ផឹក។លុះពេលកូនគាត់សន្លប់ក៏បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច​ជាច្រើនដង។

ក្នុងនោះបានថតរូប និងថតវីដេអូកំពុងរំលោភដើម្បីទុកគំរាមក្មេងរងគ្រោះពេល​ក្រោយៗទៀត។បន្ទាប់ពីសាកសួរជនសង្ស័យរួច ផ្នែកនគរបាលជំនាញខេត្ត​បានកសាងសំណុំរឿងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្ន៕ដោយ៖វិចិត្រ