សន្ដិសុខសង្គម

ក្មេងស្រីម្នាក់ជិះម៉ូតូបុកកុងតឺន័រពីក្រោយដួលត្រូវរថយន្តផ្សេងកិនស្លាប់

កំពង់ស្ពឺ៖​ក្មេងស្រីម្នាក់ជិះម៉ូតូមកបុកកុងតឺន័រកំពុងចតចំពីក្រោយពេញទំហឹង ហើយដួល ត្រូវរថយន្តផ្សេងមួយគ្រឿងទៀតមកកិន​បណ្តាលឱ្យស្លាប់មួយរំពេច។គ្រោះថ្នាក់នេះ បានកើតឡើង​នៅផ្លូវជាតិលេខ​៥១ ​ម្តុំភូមិថ្មគោល ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបាត់បង់ជីវិត​ឈ្មោះវន រតនា អាយុ១៧ឆ្នាំ នៅភូមិត្រពាំ​ងក្រឡូ​ង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

មុនកើតហេតុ រថយន្តកុងតឺន័រម៉ាកFUSO ផ្លាកលេខភ្នំពេញ3B-1313​ បានខូច​ចតតាមផ្លូវលេខ៥១​ ។ពេលនោះមានក្មេងស្រីម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីផ្លា​កលេខកំពង់ស្ពឺ1W-6840 មកបុកកុងតឺន័រចំពីក្រោយពេញទំហឹងបណ្តាលឱ្យខ្ទាត​មនុស្សទៅកណ្តាលផ្លូវ។

ភ្លាមនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀតមកកិននាងបណ្តាលឱ្យស្លាប់ភ្លាមតែម្តង ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។បន្ទាប់ពីកើតហេតុ នគរបាល​ចរាចរណ៍​​បានមកយករថយន្តកុងតឺន័រនិងម៉ូតូ​ទៅទុកនៅប៉ុស្គិ៍នគរបាលសំបូរ​ដើម្បី​បន្ត​នីតិវិធី​៕ដោយ៖វិចិត្រ