អន្តរជាតិ

អង់គ្លេសជឿជាក់ថា អ៊ុយក្រែននឹងក្លាយជាសមាជិកណាតូនាពេលអនាគត

ចក្រភពអង់គ្លេសជឿជាក់ថា អ៊ុយក្រែននឹងក្លាយជាសមាជិកណាតូនាពេលអនាគត ហើយ  សម្ព័ន្ធភាពមានជំហរយ៉ាងរឹងមាំក្នុងការជួយអ៊ុយក្រែនមិនរាថយចាប់ពីពេលនេះតទៅ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសំដែងទំនុកចិត្តក្នុងអំឡុងពេលជួបជាមួយ​អ្នកកាសែតអ៊ុយក្រែនកាលពីថ្ងៃទី ២២ខែកុម្ភៈ។ លោកថា “ខ្ញុំយល់ស្របជាមួយសម្ដីលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ដែលបាននិយាយថា អ៊ុយក្រែននឹងក្លាយជា​សមាជិករបស់ណាតូ។ ប៉ុន្តែយើងក៏ត្រូវផ្តោតលើស្ថានភាពបច្ចុប្បន្នផងដែរ។ សម្រាប់ខ្ញុំ មានន័យថា ធានាថាយើងមានផែនការបន្តគាំទ្រអ៊ុយក្រែន”។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ បានសង្កត់ធ្ងន់ទៀតថា “សន្តិសុខ​ដែលជួយអ៊ុយក្រែនមិន​ត្រឹមតែ​ភ្លាមៗ​ឥឡូវៗនេះ​ទេ ប៉ុន្តែ​ក៏​ក្នុង​រយៈពេល​វែង​ផង​ដែរ​”។

Sunak គូសបញ្ជាក់ថា ត្រូវតែផ្តល់អាវុធតាមស្តង់ដាណាតូ​ឲ្យអ៊ុយក្រែនបន្ថែមទៀត ឲ្យបានជាប់រហូត ពិសេសត្រូវតែធានានូវអន្តរប្រតិបត្តិការនៃកងកម្លាំងទាំងអស់ក្នុងសម្ព័ន្ធ និងរបៀបដែលកងកម្លាំងអ៊ុយក្រែនប្រើប្រាស់ឧបករណ៍នេះ ការបណ្តុះបណ្តាលអ្នកបើក​យន្តហោះអ៊ុយក្រែននៅក្នុងយុទ្ធសាស្ត្ររបស់អង្គការណាតូក៏ជាផ្នែកនៃដំណើរការនេះផងដែរ។ យោងតាមលោក Ryder សេវាព័ត៌មានមន្ទីរបញ្ចកោណ ចាប់តាំងពីខែមេសាមក ទាហានអ៊ុយក្រែន​ប្រហែល ៣១០០នាក់ត្រូវបានបណ្តុះបណ្តាលចេះចាំស្ទាត់នូវ​ជំនាញការពារជាតិដែលបង្ហាត់ដោយលោកខាងលិច។ អាម៉េរិកក៏នឹងគ្រោងបញ្ជូន​ទាហានរបស់ខ្លួនទៅជួយហ្វឹកហាត់បន្ថែមទៀតនៅអឺរ៉ុប៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា