សន្ដិសុខសង្គម

អគ្គិភ័យឆេះបំផ្លាញផ្ទះមួយខ្នង រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់

ភ្នំពេញ​៖អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះមួយខ្នងជាកន្លែងកាត់ដេរ​ផលិត-ស្តុកនិងលក់ពូក-សាឡុង ជាមួយសម្ភារប្រើប្រាស់អស់ទាំងស្រុង។គ្រោះមហន្តរាយ​នេះបានកើតឡើងនៅផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សៀង ធារិទ្ធ អាយុអា៣៩ឆ្នាំ មុខរបរដេរពូក​សាឡុង។ ផ្ទះដែលភ្លើងបានឆាបឆេះអស់ទាំងស្រុងនោះមានទំហំទទឹង៥ម៉ែត្រគុណ​១៦ម៉ែត្រជាមួយទំនិញនិងសម្ភារជាច្រើន។

បុរសរងគ្រោះបានឱ្យដឹងថា ផ្ទះខាងលើជាកន្លែងស្តុក និងកាត់ដេរពូកសាឡុងសម្រាប់​លក់។ពេលយប់រូបគាត់ចាក់សោចោលរួចទៅសម្រាកនៅផ្ទះផ្សេងស្ថិតក្នុងភូមិនោះដែរ។លុះព្រឹកឡើងថ្ងៃកើតហេតុភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចជួយពន្លត់ទាន់។

ពេលភ្លើងកំពុងឆេះ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងទៅអន្តាគមន៍​បាញ់ទឹកទើបភ្លើងរលត់។ក្នុងនោះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែទំហំនៃការ​ខូចខាតគេក៏មិនទាន់ដឹងនៅឡើយដែរព្រោះសមត្ថកិច្ចកំពុងសាកសួរ។ ក្រោយពីកើតហេតុ ផ្នែកជំនាញបានបញ្ជាក់ថា​ ករណីនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិនី៕ដោយ៖វិចិត្រ