សន្ដិសុខសង្គម

ស្ត្រីម្នាក់នាំកូនស្រីតូចមកប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ស្ត្រីម្នាក់អាចបណ្តាលពីមានវិបត្តិក្នុងគ្រួសារ ទើបនាំកូនស្រីតូចមកប៉ងលោតទឹក​សម្លាប់ខ្លួន​លើស្ពានជ្រោយចង្វា តែត្រូវអ្នកដំណើរនិងមន្ត្រីប្រចាំគោលដៅជួយឃាត់ទាន់។ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់/ខណ្ឌ​ជ្រោយចង្វា​​កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា ស្ត្រីរូបនោះមិនបានប្រាប់រឿងរ៉ាវនិងឈ្មោះរបស់ខ្លួនទេ។នាងមានអាយុប្រហែលជិត៣០ឆ្នាំ។

អ្នកដំណើរបានឱ្យដឹងថា ​មុន​​កើតហេតុ ​គេ​ឃើញ​ស្ត្រីម្នាក់មានទាំងក្មេងស្រីម្នាក់ផង​បាន​ជិះ​ផាស្អេបឡើងស្ពាន។​មក​ដល់​ពាក់កណ្តាល​ស្រាប់តែ​នាងបានចុះដឹកដៃក្មេងស្រីប៉ង​​លោ​​ត​​​ទឹកស​ម្លា​ប់​ខ្លួន តែ​ត្រូវ​បាន​អ្នក​រត់​ផាស្អេប និងនគរបាល​​គោលដៅ​​​ជួយ​ឃាត់ទាន់​។ក្រោយ​ឃាត់​ពីការប៉ងលោតទឹករួច នាង​បាន​ព្យាយាម​រត់​ចូល​រថយន្តទៀតដើម្បី​ស​ម្លា​​ប់​ខ្លួន​។

អ្នកនៅជិតខាងផ្ទះនាងជួលស្នាក់នៅបានឱ្យដឹងថា នាងជាស្ត្រីមេម៉ាយមានកូនម្នាក់​អាយុ៨ឆ្នាំ បានទំនាក់ទំនងស្នេហាជាមួយបុរសក្រោយជាកម្មករសំណង់។ពួកគេមកជួលផ្ទះស្នាក់នៅម្តុំសាលារៀនពញាក្រែក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ តែការរស់នៅមិនចុះសម្រុងគ្នាទេ។នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ ត្រូវបានបុរសដៃគូដេញ​ចេញពីផ្ទះ ទើបនាំកូនស្រីជិះផាស្អេបមកលោតទឹកប៉ងសម្លាប់ខ្លួន​តែមិនបានសម្រេច៕ដោយ៖វិចិត្រ