អន្តរជាតិ

សាធារណរដ្ឋឆែកថាបានបញ្ជូនរថក្រោះ ៨៩ គ្រឿង និងឧបករណ៍យោធាធុនធ្ងន់ផ្សេងទៀតទៅកាន់អ៊ុយក្រែន

សាធារណរដ្ឋឆែកបានបញ្ជាក់ប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ជូនរថក្រោះ ៨៩ គ្រឿង និងឧបករណ៍យោធាធុនធ្ងន់ជាច្រើនគ្រឿងផ្សេងទៀតទៅកាន់អ៊ុយក្រែន។

នេះដោយយោងតាមសម្ដីរបស់នាយករដ្ឋមន្រី្ត Petr Fiala បានបញ្ជាក់បន្ទាប់ពីជួបជាមួយ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden កាលពីថ្ងៃពុធ។ Fialaថា សាធារណរដ្ឋឆែកបានផ្គត់ផ្គង់សម្ភារយោធាធុនធ្ងន់រាប់រយគ្រឿងដល់ប្រទេសអ៊ុយក្រែន រួមទាំងរថក្រោះចំនួន ៨៩ គ្រឿង។ ដោយលម្អិតជាលើកដំបូងអំពីវិសាលភាព​នៃការ​ផ្គត់ផ្គង់របស់ឆែកក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋ និងវិស័យឯកជន លោក Fiala បាននិយាយថា ប្រទេសនេះថែមទាំង​បានដឹកជញ្ជូន​រថយន្តប្រយុទ្ធ និងរថពាសដែកចំនួន ២២៦ គ្រឿង កាំភ្លើងធំ ៣៨ គ្រឿង ប្រព័ន្ធបាញ់កាំជ្រួចរ៉ុក្កែតចំនួន ៣៣ គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន ៦ និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿងដល់អ៊ុយក្រែន​ទៀតផង។

ក៏ប៉ុន្តែបើយោងតាមស្ថានទូតអាម៉េរិកនៅទីក្រុង Prague សហរដ្ឋអាម៉េរិក បាន​ផ្តល់​ប្រាក់ប្រមាណ ២០០​លាន​ដុល្លារ​ដល់​សាធារណរដ្ឋ​ឆែកហើយ ដើម្បីជាសំណង​សម្រាប់​ការ​បញ្ជូន​អាវុធ និង​សម្ភារ​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន ពោលគឺដើម្បី​បំពេញ​ឃ្លាំង​ស្តុក​អាវុធរបស់ឆែកដែល​បាន​ថមថយ​យ៉ាង​ខ្លាំង​ដោយ​ការ​ផ្គត់ផ្គង់​ក្នុងបរិមាណសម្បើម​ទៅអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា