អន្តរជាតិ

សមាជិកសហភាពអឺរ៉ុបបរាជ័យក្នុងការអនុម័តកញ្ចប់ទណ្ឌកម្មថ្មីទី ១០លើរុស្ស៊ី

សមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃពុធទី ២២ ខែកុម្ភៈ បានបរាជ័យក្នុងការអនុម័តយល់ព្រម​លើកញ្ចប់ទណ្ឌកម្មថ្មីទី ១០ដាក់លើរុស្ស៊ី ដោយខកខានមិនបានសម្រេចដូចការរំពឹងទុក។

ប្រភពការទូតនៅក្នុងប្លុកនៃទីក្រុង Brussels បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប​បានបរាជ័យក្នុងការយល់ព្រមលើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី។ កញ្ចប់ដែល​បាន​ស្នើឡើងរួមមានការទប់ស្កាត់ពាណិជ្ជកម្មដែលមានតម្លៃជាង ១០ ពាន់លានអឺរ៉ូ (១០.៦ ពាន់លានដុល្លារ) រួមទាំងការហាមឃាត់ការនាំចូលកៅស៊ូរបស់សហភាពអឺរ៉ុបពីរុស្ស៊ី រារាំងការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីនូវឧបករណ៍បច្ចេកវិទ្យា និងគ្រឿងបន្លាស់ដែលទីក្រុងមូស្គូអាចប្រើប្រាស់នៅលើសមរភូមិសុទ្ធតែមិនទទួលបានជោគជ័យដូចការរំពឹងទុកនោះទេ ខណៈប្រទេសមួយចំនួនបានខកខានមិនបានរាយការណ៍។

ប្រភព​មួយ​បាន​និយាយ​ថា​៖ “មាន​បញ្ហា​ជា​ច្រើន​ដែល​នៅ​សេសសល់ ជាកត្តាមិនឲ្យ​ទណ្ឌកម្ម​នេះ​កើតឡើងបាន នោះរួមមាន​ទាំង​ការបិទការនាំចូលកៅស៊ូផងដែរ”។ ទិសដៅសំខាន់នៃការនាំចេញកៅស៊ូពីរុស្ស៊ីរួមមានទៅកាន់ប្រទេសចិន ឥណ្ឌា ប៉ូឡូញ តួកគី និងអាល្លឺម៉ង់។ បើទោះបីជាទណ្ឌកម្មនេះអាចប្រព្រឹត្តទៅបាន ឬយ៉ាងណា ប្រធានាធិបតី​ពូទីន​បានអះអាងរួចហើយថា សេដ្ឋកិច្ចរុស្ស៊ីនឹងមិនប៉ះពាល់ឡើយ ព្រោះរុស្ស៊ីបានរៀបចំ​ប្រុងជើងការខ្សែចង្វាក់យ៉ាងរឹងមាំ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា