អន្តរជាតិ

មេដឹកនាំចិននឹងចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ពូទីននៅមូស្គូ

ដោយ៖សហការី

កាសែត Wall Street Journal បានរាយការណ៏មកថា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិនកំពុងរៀបចំខ្លួនដើម្បីធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូហើយនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅពេលខាងមុខនេះ។

កាសែតនេះបាននិយាយកាលពីថ្ងៃអង្គារថាយោងតាមដំណឹងដែលគេធ្លាប់ដឹងពីផែនការនេះ  កិច្ចប្រជុំកំពូលដែលលោក Xi-Putin ទៅចូលរួមគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងតួនាទីដ៏សកម្មបន្ថែមទៀតលើការពិភាក្សារកគន្លឺះបញ្ចប់សង្រ្គាមដែលអូសបន្លាយមួយឆ្នាំហើយក៏ជាផ្នែកមួយក្នុងការជំរុញឲ្យមានសន្តិភាពពហុបក្ស ។ របាយការណ៍បានបន្ថែមថា ប្រទេសចិនក៏នឹងប្រើប្រាស់កិច្ចប្រជុំកំពូលធ្វើការអំពាវនាវសាជាថ្មីថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានគេប្រើប្រាស់ក្នុងសង្រ្គាមនេះទេ។

កាសែតដដែលនេះបានឲ្យដឹងថា ក្នុងដំណាក់កាលដំបូងនេះគ្រាន់តែជាការត្រៀមសម្រាប់ដំណើរទស្សនកិច្ចតែប៉ុន្នោះគឺនៅមិនទាន់ដល់ពេលនៅឡើយទេ គេបានបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក Xi អាចនឹងប្រព្រឹត្តទៅនៅក្នុងខែមេសា ឬដើមខែឧសភា គឺនៅចំពេលដែលរុស្ស៊ីប្រារព្ធពិធីទទួលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរលើពួកណាស៊ីអាល្លឺម៉ង់។

បច្ចុប្បន្ននេះ លោក Wang Yi អ្នកការទូតកំពូលរបស់ចិនកំពុងនៅទីក្រុងមូស្គូ ហើយរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅថ្ងៃពុធនេះ។

លោក Wang នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប បានបង្កើនការអំពាវនាវឱ្យមានការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន។

ជួបគ្នាជាលើកចុងក្រោយរបស់លោក ស៊ី និងលោកពូទីនបានធ្វើឡើងនៅក្នុងប្រទេសចិនមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាលពីឆ្នាំមុន គឺនៅប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ។ មហាបុរសទាំងពីរបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់”  ពោលគឺមិនមានផ្នែកណាមួយនៃកិច្ចសហប្រតិបត្តិការត្រូវបាន “ហាមឃាត់” នោះទេ។ ពួកគេបានធ្វើការសន្ទនាតាមវីដេអូនិមិតកាលពីខែធ្នូឆ្នាំមុន។

ទីក្រុងប៉េកាំងមិនបានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី ឬបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូនោះទេ ក៏ប៉ុន្តែប្រទេសនេះបានជំរុញឱ្យគូភាគឺមានការ “អត់ធ្មត់” ដោយធ្វើការសង្កត់ធ្ងន់ទៅលើ”មធ្យោបាយសន្តិភាព” ដើម្បីដោះស្រាយជម្លោះ។

ក្នុងគ្រានេះដែរទំនាក់ទំនងរវាងចិននិងសហរដ្ឋអាម៉េរិកកាន់តែធ្លាក់ចុះក្នុងសភាពយ៉ាប់យ៉ឺនបំផុតលើបញ្ហាសិទ្ធិមនុស្សនៅហុងកុង និងនៅតំបន់ស៊ីនជាំងភាគខាងលិចប្រទេសចិនគួបផ្សំនឹងការរកឃើញរបស់សហរដ្ឋអាម៉េរិកក្នុងខែនេះនូវអ្វីដែលអាម៉េរិកបានអះអាងថាជា “ប៉េងប៉ោងចារកម្ម” របស់ចិនដែលកំពុងហោះហើរពីលើទឹកដីអាម៉េរិក។

ចំណែកទីក្រុងមូស្គូកាលពីថ្ងៃអង្គារ លោក Wang នៅក្នុងជំនួបជាមួយលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី និងជាអ្នកទុកចិត្តជិតស្និទ្ធរបស់លោកពូទីនបានសង្កត់ធ្ងន់ម្តងទៀតអំពីទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ។

ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ីតាមរយៈអ្នកបកប្រែជនជាតិរុស្ស៊ីថា “ទំនាក់ទំនងចិន-រុស្ស៊ីមានភាពចាស់ទុំ លោក Wang បានប្រាប់លោក Patrushev នឹងប្រកាន់ជំហរដ៏រឹងមាំដើម្បីទប់ទល់នឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូររបៀបរបបអន្តរជាតិ “។

ក្នុងគ្រានោះដែរលោក Patrushev បានប្រាប់លោក Wang ថាប្រទេសទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវអាទិភាពកំពូលនៃគោលនយោបាយការបរទេសរបស់ក្រុងប៉េកាំងនឹងរុស្ស៊ី។

លោក Patrushev ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋថា ” វាសំខាន់ហើយពិសេសណាស់នៅក្នុងបរិបទនៃយុទ្ធនាកាដែលរុញច្រានដោយសម្ព័ន្ធមិត្តលោកខាងលិចក្នុងការ រារាំងរុស្ស៊ី និងចិន ក្នុងកិច្ចសហប្រតិបត្តិការ អន្តរកម្មលើឆាកអន្តរជាតិ ” ។

កាសែត Wall Street Journal បាននិយាយថាក្នុងខណៈពេលដែលលោកស្ថិតនៅក្នុងទីក្រុងមូស្គូ គេរំពឹងថាលោក Wang នឹងពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោក Xi ។

វិមានក្រឹមឡាំងបានបង្ហើបឲ្យដឹងថាលោក Wang អាចនឹងជួបជាមួយលោកពូទីនផងដែរ៕

ប្រភព៖ អាល់ហ្សាហ្សឺរ៉ា