អន្តរជាតិ

ភរិយាហ្សេឡិនស្គីជំរុញឱ្យ UN បង្កើតតុលាការសម្រាប់កាត់ទោសឧក្រិដ្ឋកម្មរបស់រុស្ស៊ី

ស្រ្តីទីមួយអ៊ុយក្រែន Olena Zelenska ភរិយារបស់ប្រធានាធិបតីហ្សេឡិនស្គី បានប្រកាស ជំរុញឲ្យអង្គការសហប្រជាជាតិបង្កើតតុលាការសម្រាប់ការកាត់ទោសឧក្រិដ្ឋកម្មរបស់រុស្ស៊ី។

លោកស្រី Zelenska បានប្រាប់កិច្ចប្រជុំពិសេសមួយនៅអង្គការសហប្រជាជាតិស្តីពីការ រំលោភសិទ្ធិមនុស្សនៅអ៊ុយក្រែនថា “ខ្ញុំគិតថាអ្នកនឹងយល់ព្រម… ដោយមិនគិតពីប្រទេស ឬសញ្ជាតិរបស់យើង យើងមានសិទ្ធិមិនត្រូវបានគេសម្លាប់នៅក្នុងផ្ទះរបស់យើង” ។ លោកស្រី បានប្រាប់ក្រុមអ្នកការទូតអង្គការសហប្រជាជាតិតាមវីដេអូថា “ទោះជាយ៉ាងណាក៏ដោយ ជនជាតិអ៊ុយក្រែនកំពុងត្រូវបានសម្លាប់នៅចំពោះមុខ ពិភពលោក ទាំងមូលពេញមួយឆ្នាំហើយនៅក្នុងទីក្រុង ភូមិ ផ្ទះល្វែង មន្ទីរពេទ្យ រោងភាពយន្តរបស់ពួកគេ”។ លោកស្រី Zelenska បានបន្តថា “នោះហើយជាមូលហេតុដែលយើងអំពាវនាវឱ្យអង្គការសហប្រជាជាតិបង្កើតតុលាការពិសេសមួយសម្រាប់ឧក្រិដ្ឋកម្មនៃការឈ្លានពានរបស់រុស្ស៊ី”។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលអ៊ុយក្រែន​បាន​ជំរុញស្នើទៅកាន់ ភាគីអន្តរជាតិ។ អ៊ុយក្រែនបានស្នើអស់រយៈពេ​ជាច្រើន​ខែ​ហើយសម្រាប់​ការ​បង្កើត​សាលាក្តី​នេះ ដើម្បី​ធ្វើយ៉ាងណាចាប់ជនឈ្លានពានមកកាត់ទោស៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា