អន្តរជាតិ

ពូទីនថាទំនាក់ទំនងរុស្ស៊ី-ចិនដើរតួសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពសកល

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌឹមៀរពូទីន បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន គឺដើរតួសំខាន់​ណាស់ក្នុងការធ្វើឲ្យមានស្ថិរភាពសកលលោក។

លោកពូទីនពោលបែបនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិន​លោក Wang Yi កាលពីថ្ងៃពុធ ទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើង​នៅពេលដែលប្រទេសចិនកំពុងព្យាយាមបង្ហាញខ្លួនជាអ្នកសម្របសម្រួល ហើយត្រូវបាន​គេ​រំពឹងថានឹងបង្ហាញ “ដំណោះស្រាយនយោបាយ” របស់ខ្លួនចំពោះជម្លោះអ៊ុយក្រែន​ក្នុងសប្តាហ៍នេះដែលត្រូវជាខួបមួយឆ្នាំនៃសង្រ្គាម។

ទីក្រុងប៉េកាំងបានស្វែងរកទីតាំងខ្លួនឯងជាគណបក្សអព្យាក្រឹត ខណៈពេលដែលបានរក្សា​ទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរុស្ស៊ី។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ បាននិយាយថា ពួកគេព្រួយបារម្ភថាប្រទេសចិនអាចនឹងត្រៀមបញ្ជូនអាវុធ និងគ្រាប់រំសេវ ដើម្បីជួយរុស្ស៊ីបន្តយុទ្ធនាការឈ្លានពានបន្ថែមទៀតនៅអ៊ុយក្រែន។ លោក Wang Yi បានប្រាប់លោក Putin ថា “ជាមួយភាគីរុស្ស៊ី យើងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹង​ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរបស់យើង” នេះបើយោង​តាមការ​បកប្រែរបស់រុស្ស៊ី។ អ្នកការទូតកំពូលរបស់ចិនបានទទូចថា ភាពជាដៃគូរវាង​ប្រទេសទាំងពីរគឺ “មិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ តែក៏មិនចុះចាញ់នឹង​សម្ពាធដែរ”។

បើតាមប្រភពសារព័ត៌មានអន្តរជាតិ លោក Wang Yi ត្រូវបានគេដឹងថា កំពុងស្ថិតនៅលើ​ចំណតចុងក្រោយនៃដំណើរទស្សនកិច្ចអឺរ៉ុប ជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា