អន្តរជាតិ

ប្រធានទាហានស៊ីឈ្នួលរុស្ស៊ីខ្នះខ្នែងរកអាវុធបំពាក់ឲ្យសមាជិកខ្លួន

នៅទីបំផុតប្រធានទាហានស៊ីឈ្នួលរុស្ស៊ី បានជំរុញឲ្យប្រជាជនរុស្ស៊ីនាំគ្នាដាក់សម្ពាធ​ទៅកាន់ រដ្ឋាភិបាលដើម្បីអាចចែករំលែកអាវុធគ្នាប្រើ ខណៈសមាជិកទាហានស៊ីឈ្នួល​កំពុងខ្វះខាតអាវុធ។

ដូចដែលបានជម្រាបរួចហើយថា ទាហានស៊ីឈ្នួលរុស្ស៊ីពិតជាកំពុងជួបប្រទះនឹងបញ្ហា​ខ្វះខាតអាវុធប្រើ​ក្នុងសមរភូមិនៅអ៊ុយក្រែនមែន ខណៈដែលលោក Yevgeny Prigozhin ជាប្រធានក្រុមបានសំដែងការអន់ចិត្ត និងបានចោទប្រកាន់លោករដ្ឋមន្រ្តីការពារជាតិ Sergei Shoigu និងប្រធានអគ្គសេនាធិការ Valery Gerasimov ជាជនក្បត់ជាតិ ដោយបដិសេធមិនផ្គត់ផ្គង់ ឬចែករំលែកអាវុធខ្លះឲ្យមកឲ្យយុទ្ធជនស៊ីឈ្នួល។ Prigozhin បាននិយាយថា “សូម្បីតែប៉ែលទុកជីកលេណដ្ឋានការពារគ្រាប់ក៏ពួកគេមិនឲ្យផង”។

តាមសេវាព័ត៌មានផ្ទាល់ខ្លួន មេទាហានស៊ីឈ្នួល Prigozhin កាលពីថ្ងៃពុធ បានជំរុញឱ្យប្រជាជនរុស្ស៊ីដាក់សម្ពាធលើកងទ័ពជាតិ ក៏ដូចជារដ្ឋាភិបាលរបស់ប្រទេសនេះ ដើម្បីធ្វើយ៉ាងណាអាចឲ្យមានការចែករំលែកគ្រាប់រំសេវ។ Prigozhin មិនបានសំដៅទៅលើការប្រមូលផ្តុំបាតុកម្មពីជនស៊ីវិលធ្វើឲ្យសណ្តាប់ធ្នាប់រុស្ស៊ីចលាចលទេ តែបានអំពាវពិសេសទៅលើអ្នកបើកបរ និងអ្នកបម្រើលើយន្តហោះឲ្យជួយគាត់។ គួរសង្កេតថា នៅរយៈពេលចុងក្រោយនេះ រវាងមេទាហានស៊ីឈ្នួលនិងទាហានជាតិ​រុស្ស៊ីបានប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំង។លោក Prigozhin បាននិយាយថា Shoigu ចង់ដណ្តើមមុខមាត់ និងជ័យជម្នះលើទាហានស៊ីឈ្នួល និងខិតខំតាមគ្រប់មធ្យោបាយ ទាំងដែលដឹងហើយថា ទាហានជាតិរុស្ស៊ីសមត្ថភាពនៅមានកម្រិត៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា