អន្តរជាតិ

ប្រទេសថៃជាទីជ្រកកោនរបស់ជនជាតិរុស្សីបន្ទាប់ពីមានសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន

ដោយ៖សហការី

ប្រទេសថៃពីប៉ាតាយ៉ា ក្រុងបាងកក គិតចាប់តាំងពីរុស្ស៊ីលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នោះមក មានប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងបាននាំគ្នាមើលទៅប្រទេសថៃថាជាស្ពានទៅកាន់ជីវិតថ្មីរបស់ពួកគេ។

ចាប់តាំងពីមានការលុកលុយនោះមកមានប្រជាជនរុស្សីរាប់ម៉ឺននាក់ដែលគេចពីការគំរាមកំហែងកំណែនកងទ័ព និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចដោយសារតែសង្រ្គាមមួយនេះពួកគេភាគច្រើនកំពុងស្វែងរកផ្ទះថ្មីដោយបាននាំគ្នាធ្វើដំណើរទៅកាន់អាណាចក្រមួយនេះ ។

កោះភូកេត ដែលជារមណីយដ្ឋានដ៏ពេញនិយមឃើញមានប្រជាជនរុស្ស៊ីកំពុងរកទិញខុនដូក្រៅគម្រោងក្នុងតម្លៃកន្លះលានដុល្លារ ឬក៏ថ្លៃច្រើនជាងនេះ ដើម្បីផ្លាស់ប្តូរលំនៅស្ថានរបស់ពួកគេ ឬសម្រាប់ជាកន្លែងសំចតរបស់ពួកគេនៅថ្ងៃអនាគត ក្នុងគ្រាដែលពួកគេត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើត។

បើយោងតាមទិន្នន័យរបស់អាកាសយានដ្ឋានអន្តរជាតិភូកេត បានឱ្យដឹងថា នៅក្នុងចន្លោះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ជនជាតិរុស្សីជាង ២៣៣,០០០ នាក់បានធ្វើដំណើរមកកាន់កោះភូកេត។

កោះភូកេត ធ្លាប់ជាកន្លែងដែលជនជាតិរុស្ស៊ីស្នាក់អាស្រ័យគេចពីរដូវរងាដ៏អាក្រក់របស់ប្រទេសខ្លួន ការលក់អចលនទ្រព្យមានការកើនឡើងចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនបញ្ជាឱ្យកែនកងទ័ព នៅក្នុងខែកញ្ញា ដែលទីក្រុងម៉ូស្គូចាប់ផ្តើមធ្វើសង្គ្រាមដំបូង ក្រោយសង្គ្រាមលោកលើកទី ២ គេឃើញថា មានអ្នកមកកាន់ទីនេះជាច្រើនមានបំណងស្នាក់នៅលើសពីរយៈពេលនៃថ្ងៃឈប់សម្រាកធម្មតារបស់ពួកគេ។

ភ្នាក់ងារអចលនទ្រព្យនៅភូកេត Sofia Malygaevareal ដែលមានដើមកំណើតមកពីប្រទេសរុស្ស៊ីបានប្រាប់ Al Jazeera ថា “អតិថិជនរបស់ខ្ញុំភាគច្រើនគឺក្មេងអាយុ ចាប់ពី ៣០ ទៅ ៣៥ឆ្នាំ ពួកគេគឺជាអតិថិជនដែលមានទ្រព្យសម្បត្តិ និងធនធានច្រើន។

“មនុស្សជាច្រើនបានសម្រេចចិត្តផ្លាស់ទៅរស់នៅឯភូកេតពី ៣ ទៅ ៦ ខែ ឬក៏ដល់ ទៅ ១ ឆ្នាំផងក៏មានដែរ” ។

ដើម្បីស្នាក់នៅលើកោះដ៏ចម្លែកនោះ អ្នកមកដល់ជនជាតិរុស្ស៊ីត្រូវការផ្ទះ សាលារៀន ការងារ និងទិដ្ឋាការ  ដែលពួកគេត្រូវការប្រើពេលវេលាមួយរយះនៅក្នុងប្រទេសថៃ ចំពោះការទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែងអាចជាការពិបាកនឹងទទួលបាន។

លុយមិនមែនជាបញ្ហាចោទនោះទេសម្រាប់អ្នកចំណូលថ្មីជាច្រើនដែលតាំងចិត្តប្តូរផ្ទះនៅក្នុងសម័យសង្គ្រាមនេះដើម្បីរស់នៅក្រោមពន្លឺថ្ងៃរបស់ប្រទេសថៃ ។ ភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិរុស្សីលើកោះនេះ បានឲ្យដឹងថា ដោយសារគេបានមើលឃើញថាសង្រ្គាមមិនងាយមានទីបញ្ចប់ហើយឥឡូវនេះវាឈានចូលដល់ឆ្នាំទីពីរទៅហើយនោះដូចនេះវាធ្វើឲ្យមានលំហូរចូល នៃអ្នកទេសចរជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិ ជាច្រើនហេតុនេះហើយវាបានជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើងដល់កម្រិតកំណត់ត្រាមួយ ។

រហូតមកដល់ពេលថ្មីៗនេះខុនដូប្រណិតៗដែលមានសម្រាប់ជួលក្នុងតម្លៃប្រហែល ១,០០០ ដុល្លារក្នុងមួយខែ ឥឡូវនេះអាចហក់ឡើងដល់ទៅបីដងហើយ។ ទន្ទឹមនឹងនោះ ផ្ទះវីឡាប្រណីតៗដែលតំលៃជួលនៅលើទីផ្សារក្នុងតម្លៃ ៦,០០០ ដុល្លារ ឬច្រើនជាងនេះ ត្រូវបានកក់ទុកមួយឆ្នាំមុន។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) តំលៃលើទីផ្សារក៏ធ្វើឲ្យអ្នកទិញក្តៅក្រហាយដូចគ្នា នៅឆ្នាំ ២០២២ ជនជាតិរុស្ស៊ីបានទិញខុនដូអស់ជិត ៤០ ភាគរយនៃចំនួនខុនដូសរុបដែលគេបានលក់ទៅឱ្យជនបរទេសនៅភូកេត។ យោងទៅតាម REIC ការទិញរបស់ជនជាតិរុស្សីមានចំនួន ២៥ លានដុល្លារក្នុងតំលៃលក់ចេញ វាកើនឡើងច្រើនដងនៃទឹកប្រាក់ដែលចំណាយដោយជនជាតិចិន ដែលជាក្រុមទិញធំបំផុតបន្ទាប់ពីជនជាតិរុស្សី ។

ភ្នាក់ងារអចលនៈទ្រព្យក្នុងស្រុកបានឱ្យដឹងថា អ្នកទិញមួយចំនួនបានចំណាយរហូតដល់ ៥០០,០០០ ដុល្លារសម្រាប់ផ្ទះប្រណីតដែលមិនមានគម្រោងនៅមាត់សមុទ្រ។

លោក Malygaevareal បាននិយាយថា “ស្ថានភាពបានផ្លាស់ប្តូរផ្ទះ” ដោយសំដៅទៅលើលក្ខខណ្ឌសេដ្ឋកិច្ចលំបាករបស់ប្រទេសរុស្ស៊ី។ “អ្នកដែលមានលុយមករស់នៅក្រៅប្រទេស ហើយត្រៀមខ្លួនបង់លុយសម្រាប់សាលាអន្តរជាតិ ដែលមានការចំណាយតិចជាងនៅទីក្រុងមូស្គូ”។

ភ្នាក់ងារទេសចរណ៍រុស្ស៊ីនៅភូកេត បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែចំណុចរសើបនៃបញ្ហានេះបានឲ្យដឹងថា ជនជាតិរុស្សីមួយចំនួនបានទិញសំបុត្រយន្តហោះតែមួយជើង អមជាមួយនឹងទិដ្ឋាការទេសចរណ៍។ “ពួកគេគ្រាន់តែមិនចង់ត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ… ពួកគេនៅទីនេះដើម្បីគេចចេញពីការចុះឈ្មោះក្នុងកំណែនកងទ័ព៕