សន្ដិសុខសង្គម

ត្រៀមបញ្ជូនក្រុមទំនើង៤នាក់ករណីគប់កញ្ចក់ រថយន្តទៅតុលាការ

តាកែវ៖នគរបាលជំនាញខេត្តតាកែវ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ បានស្រាវជ្រាវ​ចាប់ក្រុម ទំនើង៤នាក់ចំណោមច្រើននាក់ ករណីគប់កញ្ចក់រថយន្តនិងបង្ករបូសស្នាម ត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣កន្លងទៅនៅលើផ្លូវជាតិលេខ៣​ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ  មានក្រុមជនមិនស្គាល់មុខ​បានប្រើដុំថ្មគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ផ្លាកលេខកម្ពុជា EaLux68 ម្ចាស់ ឈ្មោះ អ៊ា អេលុច អាយុ ៤២ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គ្រានោះរថយន្តកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីខេត្តកំពតទៅភ្នំពេញ បណ្ដាលឱ្យបែកកញ្ចក់រថយន្តចំពីមុខធ្លាយចូលទៅក្នុងរថយន្តចំអ្នកបើកបររងរបួសធ្ងន់ រួចក្រុមជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរយៈពេល១ខែទើបចាប់បានអ្នកពាក់ព័ន្ធ៤នាក់។

ជនសង្ស័យឈ្មោះ ហេង សុភក្ដិ ហៅហ្គែត, ជុំ​ ចាន់ភារក្ស, អ៊ុន យូ និងឈ្មោះរី យ៉ានុត។ពួកគេមានអាយុ១៧និង១៨ឆ្នាំនៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូម៉ាកនិចចំនួន២គ្រឿង ផ្លាកលេខតាកែវ1Z-7296 និងផ្លាកលេខតាកែវ1.A B-5578 ។

ក្រោយសាកសួរ ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងជំនាញបានកសាងសំណុំរឿង​ត្រៀមបញ្ជូនទៅតុលាការតាមនីតិវិធី និងបន្តតាមចាប់បក្ខពួកដែលរត់គេចខ្លួន​យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ