សន្ដិសុខសង្គម

ត្រៀមបញ្ជូនកូនប្រើកាំបិតផ្គាក់កាប់ឪពុកឱ្យរបួសធ្ងន់ទៅតុលាការ

ឧត្តរមានជ័យ៖ សមត្ថកិច្ចបានចាប់បុរសម្នាក់ ករណីខឹងឪពុកបង្កើតមិនឱ្យជិះម៉ូតូ ក៏ប្រើកាំបិតផ្គាក់ កាប់ឪពុក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានត្រៀមបញ្ជូន ទៅតុលាការ។

ករណីខាងលើបានកើតឡើងនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ ហួន គី អាយុ៣២ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែកឪពុកឈ្មោះ ឡឹក គៀន អាយុ៦៦ឆ្នាំ នៅភូមិឃុំជាមួយ។

មុនកើតហេតុ ជនសង្ស័យបានយកម៉ូតូជិះ តែឪពុកមិនឱ្យយកទៅជិះទេ ព្រោះកូនមានភាពមិនប្រក្រតីដោយបានប្រើប្រាស់គ្រឿងញៀន។ពេលនោះជនសង្ស័យជាកូនបានផ្ទុះកំហឹងស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ឪពុកចំស្មាខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។

បន្ទាប់ពីនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាបទៀត។ក្រោយមកកម្លាំងនគរបាលស្រុក អន្លង់វែងបាន ចុះស្រាវជ្រាវចាប់ជនសង្ស័យយកទៅសាកសួរនិងកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ