សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាជ្រុលបុកគោយន្តកន្ត្រៃ បណ្តាលឱ្យស្លាប់២នាក់

កំពង់ស្ពឺ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃ មកពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង។គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1FI -1855 ។ ម៉ូតូនោះបើកបរដោយបុរសឈ្មោះ យឹមនឿន អាយុ៤៧ឆ្នាំ នៅភូមិផ្គរ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។អ្នករួមដំណើរឈ្មោះ វ៉ា ហេង អាយុ៤១ឆ្នាំ នៅភូមិវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ។ពួកគេជិះម៉ូតូតាមផ្លូវជាតិលេខ៤៤ ពីកើតទៅលិច។មកដល់កន្លែងខាងលើក៏បានវ៉ាជែងរថយន្តហើយជ្រុលទៅបុកគោយន្តកន្ត្រៃមកពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមទាំង២នាក់តែម្តង។

ក្រោយកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃមិនស្គាល់អត្តសញ្ញាណ​ព្រោះរត់គេចខ្លួនបាត់។បន្ទាប់មកមន្ត្រីនគរបាលចរាចរណ៍បានយកមធ្យោបាយទាំង២គ្រឿងទៅទុកនៅប៉ុស្តិ៍នគរបាលអមលាំងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ