សន្ដិសុខសង្គម

ជិះម៉ូតូដេញចោរឆក់កាបូបទៅបុកម៉ូតូ១គ្រឿងទៀតរបួសធ្ងន់ទាំង២នាក់

ភ្នំពេញ៖ក្មេងស្រីម្នាក់ជិះម៉ូតូយ៉ាងលឿនដេញតាមម៉ូតូចោរឆក់កាបូបរបស់នាង ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ធ្វើឱ្យដួលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានគេដឹកទៅ​មន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ២១៧ ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ ក្មេងស្រីបានជិះម៉ូតូម៉ាកស្កុបពី ផ្លាកលេខតាកែវ1Q- 7478 តាមផ្លូវលេខ២១៧។

មកដល់កន្លែងខាងលើមានចោរ២នាក់ជិះម៉ូតូ១គ្រឿងមកឆក់យកកាបូបរបស់នាង។ពេលនោះនាងជិះដេញតាមម៉ូតូពួកចោរពីត្រង់លូ៥ផ្លូវវេងស្រេង ឆ្ពោះទៅច្រមុះជ្រូក​ស្ទឹងមានជ័យ។មកដល់កន្លែងខាងលើក៏ជ្រុលបុកម៉ូតូ១គ្រឿងទៀតពេញទំហឹង​បណ្តាលឱ្យដួលរងរបួសធ្ងន់ទាំង២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយយកម៉ូតូទាំង២គ្រឿងទៅទុកនៅប៉ុស្តិ៍​នគរបាលស្ទឹងមានជ័យ២ ដើម្បីដោះស្រាយនៅពេលក្រោយ និងបន្តរកមុខសញ្ញា​ចោរឆក់យកមកចាត់ការ៕ដោយ៖វិចិត្រ