សេដ្ឋកិច្ច

ជប៉ុន នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ជាង ៣០ លាន​ដុល្លារ សម្រាប់ជួយពង្រីក​ប្រព័ន្ធ ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា

​ភ្នំពេញ​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក តា​កេ ហ្ស៊ឺ​ន​សឹ​កិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស​ជប៉ុន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់ ចំនួន ៣.៩៨៦ លាន​យ៉េន (​ប្រមាណ ៣០,៦ លាន​ដុល្លារ​អាមេរិក​) ដើម្បី​អនុវត្ត «​គម្រោង​ពង្រីក​ប្រព័ន្ធ ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តស្វាយរៀង​» នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រសួងការបរទេស បានបញ្ជាក់​ថាៈ លិខិត​ប្ដូរ​សារ​ខាងលើ គឺជា​ការធ្វើ​វិសោធនកម្ម​ទៅលើ ចំនួន​ទឹកប្រាក់ ដែល​បានចែង​នៅក្នុង​លិខិត​ប្ដូរ​សារ ដែល​បាន​ចុះហត្ថលេខា​រួច នៅ​ថ្ងៃទី ០២ ខែមីនា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ កាយវិការ​សប្បុរសរ​បស់​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក យ៉ាងសំខាន់ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ជា​បន្តបន្ទាប់​របស់ រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ បន្ថែមទៀត នូវ​ទំនាក់ទំនង​ដ៏​ល្អ ប្រសើរ ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ កំពុង​លូតលាស់ លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ ដែល​នៅក្នុង​ឆ្នាំនេះ កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​៕ដោយៈសុភក្ត្រា