សន្ដិសុខសង្គម

ចាប់ស្ត្រីប្រើកាំបិតចុងស្រួចចាក់ប្តីកំពុងដេកលង់លក់ឱ្យរងរបួសធ្ងន់

ក្រចេះ៖កម្លាំងនគរបាលស្រុកសំបូរ បានចាប់ស្ត្រីម្នាក់ករណីយកកាំបិតចុងស្រួចចាក់​ចំបំពង់កប្តីរបស់ខ្លួនកំពុងដេកលក់ បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នេះ​បានកើត​ឡើង​នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា ដំបូងមានដំណឹងថា ជនមិនស្គាល់មុខបានលួចផ្ទះឈ្មោះ អ៊ានក្រាញ អាយុ ៦៣ឆ្នាំ ប្រពន្ធឈ្មោះ ស្វាយ សារៈ អាយុ ៥៣ឆ្នាំ នៅភូមិ ឃុំខាងលើ ។ជននោះបានធ្វើសកម្មភាពប្រើកាំបិតចាក់ទៅលើឈ្មោះ អ៊ាន ក្រាញចំត្រង់បំពង់ក ពេលកំពុងដេកលង់លក់ជាមួយប្រពន្ធត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។

មន្ត្រីដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកសហការ​ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្បាលដំរី បានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ។តែជំនាញបានរកឃើញជនដៃដល់គឺជាប្រពន្ធជនរងគ្រោះ ហើយបានឃាត់ខ្លួននាំទៅ​សាកសួរ។

បន្ទាប់ពីសាកសួរ ស្ត្រីរូបនោះបានសារភាពថា ខ្លួនបានយកកាំបិតចុងស្រួចចាក់ចំបំពង់កប្តី​របស់ខ្លួនពិតប្រាកដមែនដោយសាតែទំនាស់ពាក្យសម្តី។ជនសង្ស័យកំពុង​ឃាត់ខ្លួននៅ​អធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វីរ