សន្ដិសុខសង្គម

ចាប់បាន២នាក់រឿងកាប់បុរសម្នាក់ឱ្យរបួសធ្ងន់ត្រៀមបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកាប់ បុរសម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រៀមបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌកំបូល កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ បានចាប់ជនសង្ស័យ២នាក់នៅភូមិព្រៃសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីពួកគេប្រើកាំបិតប៉័ងតោកាប់លើកម្មកររោងចក្រម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិកន្ទោកជើង ខណ្ឌកំបូល។

ជនសង្ស័យ២នាក់ឈ្មោះ មុំ សុម៉ៃ អាយុ១៨ឆ្នាំ ឈ្មោះ អ៊ីផាន់ណា អាយុ២២ឆ្នាំ ពួកគេនៅភូមិព្រៃសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនរងគ្រោះឈ្មោះ ពុំ ឆេងលីម អាយុ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រង់កធ្ងន់ធ្ងរ។

ជនសង្ស័យសារភាពថា ពួកខ្លួនបានប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះពិតមែន ព្រោះខឹងជនរងគ្រោះមានការស្និទ្ធស្នាលនិងស្រឡាញ់ស្រីម្នាក់ដែលពួកគេស្រឡាញ់ដែរ។ក្រោយសាកសួរ ផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ