សេដ្ឋកិច្ច

កម្ពុជា ចិន ពិភាក្សា​ពី​ការជំរុញ​ការនាំចេញ​កសិផល​កសិក​ម្ម​

ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក SHEN Danyang អភិ បាលរង​ខេត្ត​ហាយ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល ដូចជា ផ្លែ​ដូង ផ្លែ​ចេក​ស្រស់ ម្សៅដំឡូង​មី កៅស៊ូ និង​ម្រេច ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ជាពិសេស​ខេត្ត​ហាយ​ណាន​។​

​ប្រភព​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា ក្នុងជំនួប​ការងារ​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម រវាង​ខេត្ត​ហាយ​ណាន និង​ក្រសួងកសិកម្ម​កម្ពុ​ជានា​ពេលកន្លងមក​។ តាមរយៈ​ជំនួប​នេះ លោក​រំពឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន ហើយ​ឈានទៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ចិន នៅក្នុង​វិស័យ​កសិកម្ម​។​

​លោក​រដ្ឋមន្ដ្រី ឌិ​ត ទីណា បាន​ជំរុញ​ដល់​គណៈប្រតិភូ​នៃ​ខេត្ត​ហាយ​ណាន សិក្សា​អំពី​កសិផល​ដែល​ខ្លួន​ត្រូវការ ហើយ​ក្រសួងកសិកម្ម​កម្ពុជា​និង​រូបលោក​ផ្ទាល់ នឹង​ជួយ​សហការ​ធ្វើយ៉ាងណា​ជំរុញ​និង​ជ្រោមជ្រែង​ការផលិត​កសិផល​ទាំងនោះ ស្របទៅតាម​ស្តង់ដារ​កំណត់ សម្រាប់​បម្រើ​ដល់​ការនាំចេញ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបញ្ជាក់​បន្ថែមថាផែនការ​ជំនួញ (Business Plan)​ជាក់លាក់ និង​ទីផ្សារ​ពិតប្រាកដ គឺជា​គន្លឹះ​ជោគ​ជ័យ​​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម​រវាង​កម្ពុជា​និង​ចិន​។ លោក​បាន​សង្កត់ធ្ងន់ថា ក្រសួងកសិកម្ម ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​ទាំង​បច្ចេកទេស និង​នីតិវិធី​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ដំណើរការ​របស់​គម្រោង ដើម្បីឱ្យ​កើតចេញ​ជា​រូបរាង​ឡើង និង​ទទួលបាន​ផល​ចំណេញ​សម្រាប់​គ្រប់ភាគី​ទាំងអស់​៕​​ដោយៈសិរីមតី