អន្តរជាតិ

អ្នកជំនាញព្រួយបារម្ភ ក្រោយរុស្ស៊ីផ្អាកចូលរួមសន្ធិសញ្ញានុយក្លេអ៊ែរ

អ្នកជំនាញព្រួយបារម្ភថា វាអាចនឹងពិបាកក្នុងការឲ្យរុស្ស៊ីអនុលោមបន្តទៀត បន្ទាប់ពី​រុស្ស៊ីបាន​ប្រកាសផ្អាកចូលរួមសន្ធិសញ្ញានុយក្លេអ៊ែរ។

បើតាមសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ អ្នកវិភាគអន្តរជាតិបានលើកឡើងថា ៖ វាប្រាកដជានឹងពិបាកពិតមែនក្នុងការផ្ទៀងផ្ទាត់បញ្ជាក់ ថាតើរុស្ស៊ីនឹងបន្តអនុលោម​តាមសន្ធិសញ្ញាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានខ្ជាប់ខ្ជួន​ទៅមុខទៀត ឬអត់។ លោក Andrey Baklitskiy (អេនឌ្រី បាកលីដស្គី) មកពីវិទ្យាស្ថានស្រាវជ្រាវអាវុធរបស់​អង្គការសហប្រជាជាតិបាននិយាយនៅលើ Twitter (ធ្វីតធ័រ)ថា “ការផ្អាកសន្ធិសញ្ញា មិនមែនមានន័យជាការចាកចេញពីសន្ធិសញ្ញានោះទេ ខ្ញុំសន្មតថាវានឹងមិនមានការ​កសាងឡើងរបស់រុស្ស៊ីលើសពីដែនកំណត់ឡើយ”។ “ប៉ុន្តែវានឹងមានឱកាសតិចជាងមុន​ក្នុងការផ្ទៀងផ្ទាត់ (មានតែមធ្យោបាយបច្ចេកទេសជាតិប៉ុណ្ណោះ) ទើបអាចជំទាស់បាន”។

ក្នុងន័យឲ្យងាយស្រួលស្តាប់ អ្នកជំនាញចង់បានន័យថា ចាប់ពីពេលរុស្ស៊ីបានផ្អាក​ការចូលរួមក្នុងសន្ធិសញ្ញាទៅ ចំណងអន្តរជាតិដែលបង្កើតឡើងសម្រាប់ចងរុស្ស៊ីពីការ​ប្រើអាវុធនុយក្លេអ៊ែរ​​នឹងត្រូវថមថយឥទ្ធិពលចុះ។ ការផ្អាកនេះ បានប្រកាសជាសាធារណៈ​ដោយលោកពូទីនមេដឹកនាំរុស្ស៊ីនៅថ្ងៃអង្គារទី ២១ ខែកុម្ភៈ ខណៈពូទីនថា រុស្ស៊ីមិនសុខចិត្តនៅឲ្យគេបំភ័យឡើយ ឃ្លាំងនុយក្លេអ៊ែរមានសិទ្ធិស្មើគ្នាជាសកល។

សន្ធិសញ្ញា New START ស្តីពីការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខានៅ ទីក្រុង Prague​(ប្រាក) សាធារណរដ្ឋឆេក ក្នុងឆ្នាំ ២០១០ ចូលជាធរមាននៅឆ្នាំបន្ទាប់ ហើយត្រូវបានបន្តនៅឆ្នាំ ២០២១ សម្រាប់រយៈពេលប្រាំឆ្នាំបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Joe Biden បានចូលកាន់តំណែង។ សន្ធិសញ្ញានេះ មានសិទ្ធិគ្រប់គ្រងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលសហរដ្ឋអាម៉េរិក និងរុស្ស៊ីអាចដាក់ពង្រាយ តាមរយៈគ្រប់រូបភាព រាប់ចាប់ពីយន្តហោះទម្លាក់គ្រាប់បែក ដែលមានមូលដ្ឋានលើដី និងនាវាមុជទឹកជាដើម។ អ្នកជំនាញបាននិយាយថា រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងក្បាលគ្រាប់ជិត ៦០០០គ្រាប់ បន្ទាប់គឺអាម៉េរិក ហើយមហាប្រទេសទាំងពីរនេះបានកាន់កាប់រហូតដល់ ៩០% នៃក្បាលគ្រាប់សរុប ជាបរិមាណមួយគ្រប់គ្រាន់ក្នុងការអាចបំផ្លាញ​ភពផែនដី​ឲ្យខ្ទេចខ្ទី៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា