អន្តរជាតិ

អ៊ុយក្រែនប្រាប់ឲ្យសិស្សរៀនពីចម្ងាយ ចំពេលភ័យខ្លាចការវាយប្រហារគម្រប់ខួបមួយឆ្នាំ

រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសប្រាប់ឲ្យសិស្សរៀនពីចម្ងាយនៅក្នុងសប្តាហ៍នេះ ចំពេលមានការភ័យខ្លាចការវាយប្រហារគម្រប់ខួបមួយឆ្នាំរបស់រុស្ស៊ី ថ្ងៃ២៤ កុម្ភៈ។

សល់តែពីរថ្ងៃទៀតប៉ុណ្ណោះគឺដល់ខួបគម្រប់មួយឆ្នាំនៃសង្រ្គាម ២៤ កុម្ភៈរបស់រុស្ស៊ីហើយ។ យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា រដ្ឋាភិបាលហ្សេឡិនស្គី បានជូនដំណឹងដល់​សាលារៀនទាំងអស់មេត្តាចាប់ផ្តើមរៀនពីចម្ងាយពីថ្ងៃពុធតទៅ រហូតឲ្យផុតក្នុងសប្តាហ៍នេះ ដើម្បីជៀសវាងហានិភ័យគ្រោះថ្នាក់ពីការវាយប្រហារគ្រាប់បែករបស់រុស្ស៊ី។ ក្រសួងអប់រំ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ​ខ្លួន​បាន​ធ្វើ​អនុសាសន៍​ដល់​សាលា​នានា​ “ដើម្បី​ការពារ​អាយុ​ជីវិត​និង​សុខភាព​អ្នក​ចូល​រួម​ទាំង​អស់​ក្នុង​ដំណើរ​ការ​អប់រំ​ជា​វិធានការ​បង្ការ​មុន​ថ្ងៃ​គម្រប់​ខួប”។

សាលារៀនរាប់រយត្រូវបានបំផ្លាញអំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនដំបូង។ ចំពោះអ្នក​ដែល​​ត្រូវ​បាន​អនុញ្ញាត​ឱ្យមកដល់​ផ្ទាល់​ក្នុង​ឆ្នាំ​សិក្សា​នេះ​ លុះត្រាតែ​​ពួក​គេ​មាន​ធ្វើលេណដ្ឋាន​ត្រៀមចាំជ្រក​គ្រាប់​បែក។ យ៉ាងណាក៏ដោយ ក្រសួងនៅតែលើកទឹកចិត្ត​សម្រាប់ការរៀនពីចម្ងាយ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា