អន្តរជាតិ

លោកចូបៃដិនសន្យាពង្រឹងសន្តិសុខថាមពលរបស់ប៉ូឡូញឲ្យបានរាប់ជំនាន់

ប្រធានាធិបតីអាម៉េរិកលោកចូបៃដិន បានសន្យាថានឹងពង្រឹងសន្តិសុខថាមពលរបស់​ប្រទេសប៉ូឡូញឲ្យបានរាប់ជំនាន់ទៅមុខ ក្រោយប្រទេសនេះបានចេញមុខ​យ៉ាងក្លាហាន​គាំទ្រដល់អ៊ុយក្រែន។

ក្នុងអំឡុងទស្សនកិច្ចបន្តជើងនៅទីក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ បន្ទាប់ពីចេញពីអ៊ុយក្រែន ប្រមុខថា្នក់ដឹកនាំអាម៉េរិកលោកចូបៃដិន បានសំដែងការ​ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាជាមួយប៉ូឡូញ ក៏ដូចជាសម្ព័ន្ធមិត្តណាតូ។ បៃដិនបានលើកសរសើរ​កប់ៗមាត់ទៅកាន់ប្រធានាធិបតីប៉ូឡូញលោកឌូដាថា “ខ្ញុំចង់អរគុណលោកប្រធានាធិបតី [ឌូដា] ចំពោះរបៀបដែលប៉ូឡូញកំពុងគាំទ្រអ៊ុយក្រែន”។ “វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ ដែល​អ្នក​បាន​ស្វាគមន៍​បើកឲ្យប្រជាជន​អ៊ុយក្រែនប្រមាណ ១,៦ ទៅ ១,៧ លាន​នាក់ជ្រកកោន។ “យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការសន្យាសន្តិសុខរបស់អង្គការណាតូ រួមទាំងការធានាថា ទីបញ្ជាការសម្រាប់កងកម្លាំងរបស់យើងនៅអឺរ៉ុបនឹងស្ថិតនៅ​ក្នុងប្រទេសប៉ូឡូញ។  យើងក៏កំពុងចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយនឹងផែនការ​សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ និងជំរុញសន្តិសុខថាមពលរបស់ប្រទេសប៉ូឡូញ​សម្រាប់រាប់ជំនាន់ក្រោយៗទៀត”។

ចាប់តាំងពីផ្ទុះសង្រ្គាមដំបូងមក ប៉ូឡូញគឺជាអ្នកជិតខាងដែលមិនងាយរកបាន​របស់អ៊ុយក្រែន។ ប៉ូឡូញបានចេញមុខមិនខ្លាចញញើតនឹងរុស្ស៊ី ដោយបានផ្តល់ជា​ជំនួយមនុស្សធម៌ និងអាវុធ បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តខ្នះខ្នែងស្វែងរកជំនួយខាងក្រៅបន្ថែម​ផ្តល់ជូនអ៊ុយក្រែន។​ គិតត្រឹមចុងឆ្នាំ២០២២ រដ្ឋាភិបាលប៉ូឡូញបានជួយជំនួយសរុប​ទាំងមនុស្សធម៌ និងយោធាប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា