អន្តរជាតិ

រុស្ស៊ីថាខ្លួនមិនបានផ្តល់ការធានាសន្តិសុខដល់លោក Biden មុនពេលទស្សនកិច្ចនៅទីក្រុង Kyivទេ

សេវាសន្តិសុខសហព័ន្ធរុស្ស៊ីហៅកាត់ FSB បាននិយាយថា ខ្លួនមិនបានផ្តល់ ឬដឹងឮរឿង​ការធានាសន្តិសុខដល់លោកបៃដិនមុនពេលមកទស្សនកិច្ចនៅទីក្រុងគៀវប្រទេសអ៊ុយក្រែននោះទេ។

របាយការណ៍សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីនេះបាននិយាយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីប្រធានាធិបតីចូបៃដិនមកដល់ និងចាកចេញពីអ៊ុយក្រែន។ FSB ថា ខ្លួនមិនបានផ្តល់ការធានាសន្តិសុខណាមួយដល់ប្រធានាធិបតីអាម៉េរិក Joe Biden ដូចទៅនឹងការជូនដំណឹងរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ នាយក FSB លោក Alexander Bortnikov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា “សហរដ្ឋអាម៉េរិក​មិនបានជូនដំណឹងដល់រុស្ស៊ីអំពីដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ទីក្រុង Kyiv តាមរយៈ​បណ្តាញការទូត។ យើងមិនបានផ្តល់ការធានាអំពីសុវត្ថិភាពរបស់គាត់ទេ”។

បើតាមទីប្រឹក្សាសេតវិមាន លោកJake Sullivan រដ្ឋបាលអាម៉េរិកបានជូនដំណឹង​យ៉ាងពិតប្រាកដណាស់។ អាម៉េរិកបានជូនដំណឹងច្រើនម៉ោងទៀតផងដល់វិមានក្រឹមឡាំង​មុនពេលចេញដំណើរ ដើម្បីជៀសវាសការប៉ះទង្គិចណាមួយ។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេមិនទាន់បានប្រទះឃើញសេចក្តីរាយការណ៍ពីឧប្បតិ្តហេតុផ្ទុះ​ក្នុងរដ្ឋធានីគៀវសូម្បីតែម្តង៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា