សេដ្ឋកិច្ច

ព្រលានយន្ដហោះ​តារា​សាគរ នឹង​បើក​ការហោះហើរ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​នេះ​

​ភ្នំពេញ​៖​អាកាសយានដ្ឋាន​អន្ដរជាតិ​តារា​សាគរ ខេត្តកោះកុង នឹង​បើក​ការហោះហើរ​ជា​ផ្លូវការ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៣​នេះ ដោយ​មិន​ពន្យារពេល​ទៀតឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្តកោះកុង​» លោកស្រី មិថុនា ភូ​ថង បាន​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​អាកាសយានដ្ឋាន​អន្ដរជាតិ​តារា​សាគរ​បាន​សាងសង់​រួចរាល់​ទាំងស្រុង​១០០​ភាគរយ​ហើយ​រង់ចាំតែ​ពេលវេលា​បើក​ការហោះហើរ​ប៉ុណ្ណោះ​។​

​សូម​រំលឹកថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ខេត្តកោះកុង កាលពី​ដើមឡើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ចុងឆ្នាំ​២០២២ ប៉ុន្ដែ​ត្រូវបាន​ពន្យា​ពេល​ម្ដង​ជា​ពីរដង ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ជួប​បញ្ហា​មួយចំនួន​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ស្ថិតក្នុង​ស្រុក​បុ​ទម​សាគរ ខេត្តកោះកុង ជា​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ (​ដំណាក់កាល​ទី​១) ជាការ​វិនិយោគ​សម្រាប់​គាំទ្រ ដល់​ពហុ​បំណង វិស័យ​ទេសចរណ៍​។ អាកាសយានដ្ឋាន​នេះ មាន​សមត្ថភាព​ផ្តល់​ការ​ចុះចត​ប្រភេទ​យន្តហោះ​លំដាប់​4E បាន ដូចជា​យន្តហោះ​ប្រភេទ Boeing-777 និង Airbus A-340/A-350​៕ដោយៈសិរីមតី