អន្តរជាតិ

ពូទីនថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចបាន

ថ្វីបើលោកខាងលិចបានដាក់ទណ្ឌកម្មច្រើនលើកច្រើនសាធ្ងន់ធ្ងរប៉ុនណាក៏ដោយ លោកពូទីនបាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីនៅតែអាចឈរទប់ទល់បានយ៉ាងល្អ។

លោកវ្ល៉ាឌឹមៀរពូទីន ថារុស្ស៊ីមានធនធានហិរញ្ញវត្ថុទាំងអស់គ្រប់គ្រាន់ដែលខ្លួនត្រូវការដើម្បី​ធានាសន្តិសុខជាតិ និងការអភិវឌ្ឍរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្​ចយ៉ាងខ្លាំងក្លាដោយលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានឲ្យដឹងទៀតថា ក្រុមហ៊ុនក្នុងស្រុកបានកសាងខ្សែសង្វាក់​ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម។ ហើយទីក្រុង​មូស្គូ​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​ថ្មី និង​ស្ថាបត្យកម្ម​ហិរញ្ញវត្ថុ។

ការបញ្ជាក់បានកើតឡើងក្រោយគ្នានឹងសហភាពអឺរ៉ុប កំពុងខិតជិត​បញ្ចប់​កញ្ចប់​ទណ្ឌកម្ម​ទី ១០ ប្រឆាំង​រុស្ស៊ីដែលមានតម្លៃ ១១ពាន់លានអឺរ៉ូ ស្មើនឹង១១.៧ពាន់លានដុល្លារ។ អ្នកការទូតសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបជិតឈានដល់ការព្រម​ព្រៀងលើកញ្ចប់ទណ្ឌកម្មទី ១០ ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការឈ្លានពានអ៊ុយក្រែនហើយ រដ្ឋាភិបាលសហភាពអឺរ៉ុបសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃពុធ ប្រសិនបើយកឈ្នះលើការហាមឃាត់ការនាំចូលកៅស៊ូ និងពេជ្ររបស់រុស្ស៊ី។ សហភាពអឺរ៉ុបក៏មានគម្រោងហាមឃាត់ការលក់ចេញទៅរុស្ស៊ីនូវរាល់គ្រឿងប្រើប្រាស់គ្រឿងអេឡិចត្រូនិចប្រើជាគ្រឿងប្រព័ន្ធប្រដាប់អាវុធ ដូចជាយន្តហោះគ្មានមនុស្សបើក កាំជ្រួច និងឧទ្ធម្ភាគចក្រផងដែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា