សន្ដិសុខសង្គម

ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់ក្នុងដី

បាត់ដំបង÷ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនកប់ក្នុងដី បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងក្រុមទី៧  ភូមិវត្តរំដួល  សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នគរបាលគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បញ្ជាក់ថា ក្បាលគ្រាប់កាំភ្លើង និងរំសេវជាតិផ្ទុះជាច្រើនគ្រាប់ មានចំនួនច្រើនគីឡូ

ដែលពលរដ្ឋប្រទះឃើញ គឺជាគ្រាប់យុទ្ធភណ្ឌដែលនៅរាយប៉ាយកប់ក្នុងដីសល់ពី​សម័យសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេល។ ក្បាលគ្រាប់កាំភ្លើង ( UXO  ) ដែលប្រទះឃើញនេះរួមមាន: ប្រភេទ ៣៧មិល្លីម៉ែត្រចំនួន ៣០គ្រាប់ និងរំសេវចំនួន ៣ គីឡូក្រាម។

បន្ទាប់ពីចុះពិនិត្យកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានយកក្បាលគ្រាប់ និងរំសេវទាំងអស់នោះ យកទៅរក្សាទុកនិងកម្ទេចចោលនៅពេល​ក្រោយ៕

ដោយ: ប្រសិទ្ធ