សន្ដិសុខសង្គម

បុរសម្នាក់លេងបាល់ហត់ខ្លាំងផឹកទឹក សង្ស័យគាំងបេះដូងស្លាប់ភ្លាម

មណ្ឌលគិរី៖បុរសអ្នកលក់រថយន្តម្នាក់ពេលលេងបាល់ទះកំពុងហត់ខ្លាំងបានផឹកទឹក សង្ស័យគាំងបេះដូងបណ្តាលឱ្យស្លាប់ភ្លាម។ករណីបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ​តារាងបាល់ទះមួយ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២១កុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះណៃ សុភ័ស អាយុ៤១ឆ្នាំ ជា អាជីវករលក់រថយន្តមួយកន្លែង ស្នាក់នៅបណ្តោះអាសន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ត្រីដដែលបានបន្តថា មុនហេតុការណ៍កើតឡើង បុរសខាងលើលេងបាល់ទះ ពេលកំពុងហត់ខ្លាំងក៏បានផឹកទឹក ហើយអាចគាំងបេះដូងបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ក្នុងការពិនិត្យសាកសព កម្លាំងជំនាញសហការជាមួយក្រុមគ្រូពេទ្យបានបញ្ជាក់ថា មិនមានស្លាកស្នាមអ្វីសង្ស័យពាក់ព័ន្ធករណីឃាតកម្មទេ។ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ