សេដ្ឋកិច្ច

ឈ្មួញកណ្តាលទម្លាក់តម្លៃទិញគ្រាប់ស្វាយចន្ទីនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖កសិករដាំដំណាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែងបានត្អូញត្អែរថា នៅដើមរដូវ​ប្រមូលផលនេះ ឈ្មួញកណ្តាលបានទិញគ្រាប់ស្វាយចន្ទីស្រស់ទម្លាក់ថ្លៃទីផ្សារ ធ្វើឱ្យកសិករដាំស្វាយចន្ទីខាតបង់ប្រាក់ចំណូលយ៉ាងច្រើន។

កសិករបានឱ្យដឹងថា នៅដើមរដូវ គ្រាប់ស្វាយចន្ទីមានតម្លៃ៦.៨០០រៀល ក្នុងមួយគីឡូក្រាម។មកដល់ពាក់កណ្ដាលខែកុម្ភៈនេះ បានធ្លាក់តម្លៃមកត្រឹមតែ​៥.២០០ទៅ៥.០០០រៀលក្នុងមួយគីឡូក្រាម រហូតដល់ជាង៤ពាន់រៀលក៏មានដែរ។

លោក ប៉ូ ស៊ីថា កសិករម្នាក់បានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ស្ទើររៀងរាល់ថ្ងៃ។ពីមួយឆ្នាំទៅមួយឆ្នាំឈ្មួញទិញចេះតែទម្លាក់តម្លៃ។រហូតទីផ្សារមិននឹងនរនោះ ធ្វើឱ្យកសិករជួបការលំបាកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ជាពិសេសមិនអាចទប់ទល់ទៅនឹងការចំណាយក្នុងការដាំដុះថែទាំរហូតដល់រដូវប្រមូលផលបាន។

លោក ហេង ពេជ្រ អ្នកទទួលទិញគ្រាប់ស្វាយចន្ទីប្រចាំនៅក្រុងស្ទឹងត្រែង បានអះអាងថា គ្រាប់ស្វាយចន្ទីក្រុមហ៊ុនបានបែងចែកជា៣ប្រភេទ គឺគ្រាប់ពូជ M23 មានលេខ១ និងលេខ២។ ចំណែកពូជ៩គ្រាប់តូច គិតតម្លៃផ្សេងតម្រូវទៅតាមទីផ្សារក្រៅប្រទេស​ដែលបានកំណត់។ ព្រោះគ្រាប់ស្វាយមានគុណភាពខុសគ្នា ខ្លះទុកមិនបានយូរ បណ្តាលឱ្យខូចគុណភាពទម្រាំដឹកចេញទៅរោងចក្រកែច្នៃ។

លោកទទួលស្គាល់ថា បច្ចុប្បន្នក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទីបានឱ្យតម្លៃទៅលើកត្តាពូជ ដូចជាពូជក្នុងស្រុកទិញតម្លៃជាង៤.០០០រៀលក្នុងមួយគីឡូក្រាម។ចំណែកពូជ M២៣ មានតម្លៃជាង៥.០០០រៀល ព្រោះវាមានគុណភាពល្អ គ្រាប់ធំ និងងាយស្រួលនាំយកទៅលក់បន្ត។

លោក កែវ ណារិទ្ធ ប្រធានមណ្ឌលសភាពាណិជ្ជកម្មក្រចេះ.ស្ទឹងត្រែង.រតនគិរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដឹងថា បញ្ហានេះសភាពាណិជ្ជកម្មបានប្រឹងប្រែង​ទាក់ទងក្រុមហ៊ុនប្រមូលទិញឱ្យមកបោះទីតាំងនៅតាមបណ្តាខេត្តនីមួយៗ និងតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយសហគមន៍កសិករចុះកុងត្រាទិញ ដើម្បីធានាតម្លៃទីផ្សារជូនកសិករ៕ដោយ:សុខុម