សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើនគរបាលម្នាក់ជាប់ចោទចាប់រំលោភអនីតិជន

តាកែវ៖សមត្ថកិច្ចស្រុកគីរីវង់ បានឃាត់ខ្លួនមន្ត្រីនគរបាលចរាចរណ៍ម្នាក់ តាមពាក្យបណ្តឹង​ចោទប្រកាន់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើអនីតិជននិងកំពុងបន្តនីតិវិធី។

មន្ត្រីនគរបាលប៉ុស្តិ៍នរដ្ឋបាលឃុំអង្គប្រាសាទបាន​ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសឈ្មោះ ណឹម មួង អាយុ៥៤ឆ្នាំ នៅស្រុកគីរីវង់ ខេត្តតាកែវ។អត្ថន័យបានប្តឹងឈ្មោះ ខាន់ ពុទ្ធី អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលចរាចរណ៍ខេត្តតាកែវ នៅភូមិត្រពាំងក្តុល ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងបណ្តឹងនោះបានចោទជនសង្ស័យថាចាប់រំលោភសេពសន្ថវៈលើចៅស្រីរបស់ខ្លួនអាយុ១៣ឆ្នាំ នៅផ្ទះសំណាក់មួយក្នុងតំបន់ទេសចរណ៍ជ្រោះផ្អោក។ករណីនេះប្រព្រឹត្តតាំងពីថ្ងៃទី១៧ ខែកុម្ភៈមកម៉្លេះ តែចៅស្រីទើបបង្ហើបប្រាប់ជីតានៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនមន្ត្រីជាប់ចោទក្នុងករណី​រំលោភសេពសន្ធវៈជាមួយអនីតិជនខាងលើនេះ។ក្រោយមកផ្នែកនគរបាល​ជំនាញស្រុកគីរីវង់កំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ