អន្តរជាតិ

កូរ៉េខាងត្បូងនឹងលុបការធ្វើតេស្តមេរោគកូវីដខ្លះសម្រាប់អ្នកដំណើរពីចិន

ដោយ៖តុលា

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូងនឹងមិនតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិន ធ្វើតេស្តរក COVID-19 បន្ទាប់ពីការមកដល់នោះទេ ចាប់ពីខែក្រោយនេះ បើទោះបីជាពួកគេនៅតែត្រូវការធ្វើតេស្តមុនពេលចេញដំណើរក៏ដោយ។

កូរ៉េខាងត្បូងបានដាក់វិធានការព្រំដែនជាច្រើនលើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងដើម្បីលុបចោលគោលនយោបាយសូន្យ-COVID ដ៏តឹងរ៉ឹងរបស់ខ្លួន ប៉ុន្តែទីក្រុងសេអ៊ូលបានបន្ធូរបន្ថយការរឹតបន្តឹង ដោយលើកឡើងពីស្ថានភាពកូវីដដែលប្រសើរឡើងនៅក្នុងប្រទេសជិតខាង។ លោក Kim Sung-ho អនុរដ្ឋមន្ត្រីនៅកូរ៉េខាងត្បូងបាននិយាយថា “ការបន្ធូរបន្ថយបន្ថែមនៃវិធានការដាក់ឱ្យនៅដាច់ពីគេហាក់ដូចជាអាចធ្វើទៅបាន ដោយសារអត្រាវិជ្ជមានក្នុងចំណោមការមកដល់ពីប្រទេសចិនបានធ្លាក់ចុះពី ១៨.៤% ក្នុងសប្តាហ៍ដំបូងនៃខែមករាមកត្រឹម ០.៦% ក្នុងសប្តាហ៍ទីបីនៃខែកុម្ភៈ”។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៅថ្ងៃពុធ ក្នុងកិច្ចប្រជុំស្ដីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ។

លោក Kim បាននិយាយថា ការធ្វើតេស្ត PCR ចាំបាច់មុនពេលចេញដំណើរសម្រាប់អ្នកដំណើរពីប្រទេសចិននឹងនៅតែមានរហូតដល់ថ្ងៃទី ១០ ខែមីនា ដើម្បីតាមដាន និងវាយតម្លៃផលប៉ះពាល់នៃការបន្ធូរបន្ថយនៃច្បាប់ COVID ផ្សេងទៀត។ មុននេះកូរ៉េខាងត្បូង ក៏បានបន្តការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរពីប្រទេសចិន ដោយទីក្រុងប៉េកាំងធ្វើតាមដោយការលុបចោលការទប់ស្កាត់ទិដ្ឋាការស្រដៀងគ្នា ដែលបានដាក់នៅក្នុងវិធានការសងសឹកពីមុនប្រឆាំងនឹងការរឹតបន្តឹងព្រំដែនរបស់ទីក្រុងសេអ៊ូល៕