សេដ្ឋកិច្ច

ឆ្នាំ​២០២៣ ប្រទេស​កូរ៉េ សន្យាបង្កើនការទទួល​កម្លាំង​ពលករ​ខ្មែរ​លើសពី១​ម៉ឺន​នាក់​

​ភ្នំពេញ​៖​ដោយ​មើលឃើញ​ពលករ​កម្ពុ​ជាមាន​ភាព​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម យកចិត្តទុកដាក់​នឹង​ការងារ​ធ្វើឱ្យ​និយោជក​កូរ៉េ​ស្រលា​ញ់​​​ពេញចិត្ត​ជាខ្លាំង​នោះ ប្រទេស​កូរ៉េ​សន្យាថា​នឹង​បង្កើន​កូតា​ពលករ​កម្ពុជា​ឱ្យបាន​លើស​មួយ​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៣ និង​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៅមុខទៀត​ខណៈ​ក្នុង​ឆ្នាំ​២០២២​កន្លងមក​ថ្មីៗ​នេះ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​វិស័យ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​កូរ៉េ ។​

​ការសន្យា​នេះ​បាន​ត្រូវធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក UH SOOBONG ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​ការងារ​។​

​នៅក្នុង​ជំនួប​នោះ លោក អ៊ិត សំហេង លើកឡើងថា សាធារណរដ្ឋ​កូរ៉េ​ជា​មិត្ត​ដ៏​ល្អ ដែល​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​យើង​ទាំងពីរ​បានក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​លោក​រដ្ឋមន្ត្រី​គូស​បញ្ជាក់ដែរថា បើ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​-១៩​ក្តី សាធារណរដ្ឋ​កូរ៉េ​នៅតែ​បន្ត​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ ព្រមទាំង​មើលថែទាំ និង​គាំពារ​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អ​ទៀតផង​។ ជាមួយ​ការដែល​ពលករ​កម្ពុជា​បាន​វិលត្រឡប់​ពី​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​វិញ លោក​សង្កេតឃើញថា ពួកគាត់​មាន​វឌ្ឍនភាព និង​មានការ​ប្រែប្រួល​សេដ្ឋកិច្ច​ជីវភាព​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ប្រែក្លាយជា​សហគ្រិនភាព និង​ជា​អ្នកវិនិយោគ​ដ៏​ល្បីល្បាញ​។​

​ទន្ទឹមនឹងនេះ លោក អុិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​យកចិត្តទុកដាក់​ផ្តល់​សេវា​ការងារ​ជូន​ដល់​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អ ដោយ​នៅក្នុង​ឆ្នាំ​២០២៣​នេះ ភាគី​កូរ៉េ​សន្យា​ផ្តល់​កូតា​ជូន​ពលករ​កម្ពុ​ជាជាង​១​ម៉ឺន​នាក់​ទៀត​នោះតាមរយៈ​គណៈកម្មាធិកា​រ​បណ្តុះបណ្តាលនិង​បញ្ជូន​ពលករ​ទៅ​បរទេស(MTOSB)នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែល​នឹងធ្វើ​ការជ្រើសរើស​ពលក​រ​កម្ពុជា ដែលមាន​សមត្ថភាព និង​ឧស្សាហ៍​ព្យាយាម​ក្នុងការ​បំពេញការងារ​ជូន​ដល់​និយោជក​កូរ៉េ​ឱ្យ​កាន់​តែមាន​ផលិតភាព​ខ្ពស់​។​

​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ បានបញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា ភាគី​កូរ៉េ​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​បរទេស ដែល​ចប់​អាណត្តិ​ការងារ​នៅ​កូរ៉េ ដោយ​ក្នុងនោះ​កម្ពុជា​អាច​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ដែល​ទទួលបាន​ពី​គម្រោង​ថ្មី​នេះ ដោយ​គម្រោង​នេះ​មាន​គោលដៅ​ផ្តល់ប្រាក់​កម្ចី​ជួយ​ដល់​ពលករ ដើម្បី​អាច​បើក​អាជីវកម្ម​មួយ​បាន​សមរម្យ និង​មាន​ប្រាក់​ចំណូល​បាន​យ៉ាង​ប្រសើរ​៕ដោយៈផាវី