សន្ដិសុខសង្គម

អគ្គិភ័យចំនួន២កន្លែងផ្សេងគ្នា ឆេះផ្ទះនិងទ្រព្យសម្បត្តិអស់ទាំងស្រុង

​ភ្នំពេញ៖កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ផ្ទះប្រជាពលរដ្ឋនៅ២កន្លែងផ្សេងគ្នា ត្រូវអគ្គិភ័យបានលេបត្របាក់​ជាមួយទ្រព្យសម្បត្តិអស់ទាំងស្រុងក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍ទី១​ កាលពីម៉ោងជាង២១យប់ ថ្ងៃទី២០ ខែកុម្ភៈ អគ្គិភ័យបានកើតឡើងនៅតាមផ្លូវលេខ​៣៧១ មុខស្ថានីយបូមទឹកស្អុយបឹងទំពុន ក្នុងខណ្ឌដង្កោ បានឆាបឆេះផ្ទះ១ខ្នងសង់ពីថ្មប្រក់សង្ក័សី ម្ចាស់ធ្វើអាជីវកម្មជួសជុលម៉ូតូត្រូវភ្លើងឆេះទាំងទ្រព្យសម្បត្តិអស់គ្មានសល់។

បន្ទាប់មកនៅម៉ោង២២យប់ថ្ងៃដដែល អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងទៀតសង់ពីថ្មក្រោម​ឈើលើនៅក្បែរគល់ស្ពានព្រះមុនីវង្សថ្មី ភូមិព្រែក សង្កាត់/ខណ្ឌច្បារអំពៅ ជាមួយទ្រព្យសម្បត្តិ​អស់ទាំងស្រុង​។ គ្រោះអគ្គិភ័យទាំង២កន្លែងនេះ​ កម្លាំងសមត្ថកិច្ច​បានចេញរថយន្ត សរុប២៣គ្រឿង​ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ចំពោះមូលហេតុកើតឡើងទាំង២កន្លែងខាងលើ​នេះ​ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ បណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី។ប៉ុន្តែក្នុងគ្រោះមហន្តរាយនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ជាមួយនេះដែរគេមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ ព្រោះសមត្ថកិច្ចកំពុងសាកសួរ៕ដោយ៖វិចិត្រ