អន្តរជាតិ

ហ្សេឡិនស្គីថាសង្រ្គាមលោកលើកទី៣នឹងផ្ទុះ បើចិនជួយរុស្ស៊ីក្នុងសង្រ្គាម

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្គ្រាមលោកលើកទី ៣​អាចនឹងផ្ទុះឡើង ប្រសិនបើប្រទេសចិនគាំទ្រដល់ប្រទេសរុស្ស៊ីក្នុងការប្រយុទ្ធរយៈពេល​កាន់ឆ្នាំនៅអ៊ុយក្រែន។

នេះបើយោងតាមការវាយតម្លៃរបស់លោកស្គី មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ ប្រធានាធិបតី​អ៊ុយក្រែនរូបនេះ បានប្រាប់កាសែត Die Welt របស់អាល្លឺម៉ង់ថា “សម្រាប់ពួកយើង រឿងដែលសំខាន់គឺថាប្រទេសចិនមិនត្រូវគាំទ្រសហព័ន្ធរុស្ស៊ីនៅក្នុងសង្រ្គាមនេះ” ។ “តាម​ពិតទៅ ខ្ញុំ​ចង់​ឲ្យ​ចិន​នៅ​ខាង​យើង។ តែខ្ញុំ​មិន​គិត​ថា​វា​អាច​ទៅ​រួច​ឡើយ”។ Zelensky បានបន្ថែមថា បច្ចុប្បន្ននេះ គាត់បានមើលឃើញភាគរយភាគច្រើននៃសង្រ្គាមលោក ដែលប្រទេសចិនកំពុងធ្វើឲ្យវាកើតឡើង” ។ និយាយជាចុងក្រោយ ហ្សេឡិនស្គីថា ចិនជាសម្ព័ន្ធមិត្តរុស្ស៊ី ហើយចិនច្បាស់ជាយល់រឿងនេះ​ដោយខ្លួនឯងមិនចាំបាច់និយាយអ្វីច្រើនទៀតនោះទេ។

ការកត់សម្គាល់របស់ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Anthony Blinken បានសារភាពថា សហរដ្ឋអាម៉េរិកមាន “ការព្រួយបារម្ភយ៉ាងខ្លាំង​ដែលប្រទេសចិន​កំពុងពិចារណាផ្តល់ជំនួយដ៏សាហាវដល់រុស្ស៊ី” ខណៈដែលរុស្ស៊ីបានបន្តការឈ្លានពាន​ដ៏យូរមកលើប្រទេសជិតខាងរបស់ខ្លួន។ Blinken បានប្រាប់ NBC “Meet the Press” កាលពីថ្ងៃអាទិត្យថា លោកបានប្រាប់សមភាគីចិនលោក Wang Yi រួចហើយ ការផ្លាស់ប្តូរបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរ​នៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានវាយបកអាម៉េរិកវិញដោយមិន  ស្តាប់ហេតុផងអ្វីទាំងអស់ ព្រមទាំងបាននិយាយថា សហរដ្ឋអាម៉េរិក “មិនមានជំហរក្នុងការទាមទារអ្វីពីប្រទេសចិនទេ”។

សហរដ្ឋអាម៉េរិក និងចិនបានប្រឈមមុខដាក់គ្នារឿងបាឡុងហោះអស់រយៈពេលច្រើនថ្ងៃហើយ ចាប់តាំងពីបាឡុងចិនត្រូវបានអាម៉េរិកបាញ់ទម្លាក់ពីលើអាកាស៕

ប្រភព៖  New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា