សន្ដិសុខសង្គម

រថយន្តធំបុកម៉ូតូពីក្រោយកិនស្លាប់ម្នាក់ ​និងរងរបួសម្នាក់

ភ្នំពេញ​៖ ស្ត្រីម្នាក់ជិះម៉ូតូឌុបក្មេងស្រី ត្រូវរថយន្តធំសណ្ដោងទូកុងតឺន័រ បើកមកបុកចំពីក្រោយ ពេញទំហឹង បណ្ដាលឱ្យដួលនិងកិនអ្នកឌុបស្លាប់ រីឯក្មេងស្រីរងរបួស។គ្រោះថ្នាក់ចរារដ៏រន្ធត់នេះ បានកើតឡើងនៅតាមមហាវិថីចោមចៅ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងស្ត្រីម្នាក់​បានជិះម៉ូតូម៉ាក Zoomer-X ផ្លាកលេខ បាត់ដំបង 1AC-9576 ឌុបក្មេងស្រីម្នាក់តាមផ្លូវចោមចៅពីលិចទៅកើត។មកដល់កន្លែងខាងលើ ស្រាប់តែមាន រថយន្តធំសណ្ដោងទូកុងតឺន័រ​ ផ្លាកលេខ​ភ្នំពេញ​ 3B-1611 បើកយ៉ាងលឿន​មកបុកចំពីក្រោយឱ្យដួល ហើយម៉ូតូគាបជាប់ក្រោមរថយន្តនិងកិនស្ត្រីជាអ្នកឌុប​ឱ្យស្លាប់ភ្លាម​ រីឯក្មេងស្រីរងរបួស។

ក្រោយហេតុការណ៍ តៃកុងរថយន្តបង្កបានចុះបម្រុងរត់គេចខ្លួន​ តែត្រូវអ្នកដំណើរនាំគ្នា ចាប់យកឱ្យ សមត្ថកិច្ចចាត់ការតាមច្បាប់​។ក្រោយមកជំនាញចរាចរណ៍បាននាំយករថយន្តនិងម៉ូតូទៅទុកនៅ នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ