អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ី Prigozhin ខឹងសម្បានឹងឥស្សរជនរុស្ស៊ីជុំវិញរឿងអាវុធ

មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin បានបញ្ចេញសារខឹង និងកើតទុក្ខចំពោះ​ឥស្សរជនរុស្ស៊ីមួយចំនួនក្នុងជួររដ្ឋាភិបាលជុំវិញរឿងអាវុធមិនគ្រប់គ្រាន់សម្រាប់ផ្តល់ជូនទាហានរបស់លោក។

នៅក្នុងសារជាសំឡេងរយៈពេលប្រាំពីរនាទី ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយ​សេវា​សារព័ត៌មានរបស់គាត់ Prigozhin បានសំដែងការខឹង និងរំជួលចិត្តថា គាត់ត្រូវបានគេតម្រូវឱ្យ “សុំទោសនិងគោរព” ដើម្បីទទួលបានគ្រាប់រំសេវសម្រាប់យុទ្ធជន​ស៊ីឈ្នួលរបស់គាត់។ Prigozhin បាន​និយាយ​នៅ​ពេល​ខ្លះ​ដោយ​សំឡេង​លើក​ឡើង និង​ហាក់ដូចជាចង់ស្បថ​ម្តងម្កាលថា “ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ទោះបីខ្ញុំ​មាន​ទំនាក់ទំនងនឹងបណ្តាញច្រើនប៉ុនណាក៏ដោយ”។ លោក Prigozhin បាននិយាយថា ការផលិតសព្វាវុធយោធាសម្រាប់ទាហានជាតិរុស្ស៊ីឥឡូវនេះគឺមិនមានបញ្ហាទេ គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ការប្រយុទ្ធនៅជួរមុខ ក៏ប៉ុន្តែការលំបាកនោះគឺថា សមាជិកនៃទាហានស៊ីឈ្នួលទៅវិញទេ ដែលពិបាកក្នុងការទទួលបានការផ្គត់ផ្គង់។

ក្នុងសារដដែល Prigozhin មិនបានលើកឡើងនូវឈ្មោះមន្រ្តីរុស្ស៊ីជានរណាទេដែលកំពុង​មានបញ្ហាជាមួយលោក គ្រាន់តែថា “អ្នកដែលជ្រៀតជ្រែកជាមួយយើងព្យាយាម​យកឈ្នះសង្រ្គាមនេះ គឺពិតជាចង់ធ្វើជាសត្រូវយើងដោយផ្ទាល់ហើយ”។ ចាប់តាំងពីការផ្ទុះសង្រ្គាមមក Prigozhin បានឈ្លោះប្រកែកគ្នាជាសាធារណៈជាមួយ​ឧត្តមសេនីយ៍ និងមន្ត្រីវិមានក្រឹមឡាំងជាបន្តបន្ទាប់ ដោយចោទប្រកាន់ពួកគេថាមានភាព​ខ្នះខ្នែង​មិនគ្រប់គ្រាន់ក្នុងការកាត់ទោសយុទ្ធនាការប្រឆាំងនឹងទីក្រុង Kyiv ។ Prigozhin ក៏ជាអ្នករិះគន់ដ៏ខ្លាំងក្លាបំផុតរបស់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ផងដែរ ដោយទទូចថាកូនៗទាហានស៊ីឈ្នួលមានសមត្ថភាពខ្លាំងជាងទាហានជាតិរបស់ Shoigu៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា