សន្ដិសុខសង្គម

បញ្ជូន៨នាក់ករណីស្ទាក់វាយបុរសម្នាក់ប្លន់យកម៉ូតូទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវចាប់ជនសង្ស័យ​ចំនួន៨នាក់  ករណីវាយបុរសម្នាក់ប្លន់យកម៉ូតូ ហើយបញ្ជូនទៅតុលាការកាលពីថ្ងៃទី២០ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុយ ម៉ារ៉ាឌី អាយុ២៣ឆ្នាំ ជាកម្មករ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងពាក្យបណ្តឹងបាន​បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូតាម​ផ្លូវជាតិ​លេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ពេលនោះក៏មាន​ជនសង្ស័យ​២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមឌុបគ្នាដេញតាមជនរងគ្រោះនិងវត្ថុរឹងកាន់ក្នុងដៃ។

ឃើញហេតុការណ៍មិនស្រួលជនរងគ្រោះបានផ្តួលម៉ូតូរួចរត់យករូចខ្លួន។ពេលនោះពួកជនសង្ស័យបានឡើងជិះម៉ូតូរបស់ខ្លួនយកចេញទៅបាត់។ ក្រោយមកកម្លាំងនគរបាលក្រុងប៉ោយប៉ែតនិងប៉ុស្តិ៍ទាំង៥ បានស្រាវជ្រាវឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់-ម៉ូតូ៣គ្រឿង នៅកាស៊ីណូហ្គោដវើល សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកទៅសាកសួរ។ជនសង្ស័យទាំង៨នាក់បានសារភាពថា ពួកខ្លួនបានតាមវាយ និងប្លន់យកម៉ូតូពីជនរងគ្រោះ​ពិតមែន។សមត្ថកិច្ចក៏បានរៀបចំ​សំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ