អន្តរជាតិ

ចិនអំពាវនាវគ្រប់ភាគីបញ្ឈប់ការបញ្ឆេះភ្លើងក្នុងជម្លោះអ៊ុយក្រែន

ប្រទេសចិនអំពាវនាវគ្រប់ភាគីទាំងអស់មេត្តាបញ្ឈប់ការបញ្ឆេះភ្លើងក្នុងជម្លោះនៅអ៊ុយក្រែន ជៀសវាងសង្រ្គាមលែងអាចគ្រប់គ្រងបាន ហើយលង់កាន់តែជ្រៅ។

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃអង្គារទី ២១ ខែកុម្ភៈថា ប្រទេសចិនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដែលជម្លោះអ៊ុយក្រែនកាន់តែរីកសាយធំ និងចេញក្រៅដែនគ្រប់គ្រង។ លោក Qin បាន​និយាយ​ក្នុង​អំឡុង​ពេល​សុន្ទរកថា ដោយ​សំដៅ​ទៅ​លើ​ជម្លោះ​អ៊ុយក្រែន និង​ក្នុង​ការ​អត្ថាធិប្បាយ​ដែល​ទំនង​ជា​សំដៅ​ទៅ​លើ​សហរដ្ឋ​អាម៉េរិក​ថា​៖ “យើង​ជំរុញ​ប្រទេស​មួយ​ចំនួនសូម​បញ្ឈប់​ជា​បន្ទាន់​នូវការ​ដុត​ភ្លើង”។ “យើងឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទម្រង់អនុត្តរភាពណាមួយ ប្រឆាំងនឹងការជ្រៀតជ្រែក​ពីបរទេសណាមួយនៅក្នុងកិច្ចការរបស់ប្រទេសចិនរបស់យើងផងដែរ”។ Qin ក៏បានព្រមានប្រទេសផ្សេងទៀតឱ្យ “បញ្ឈប់ការនិយាយស្តីអំពីអ៊ុយក្រែនថ្ងៃនេះ តៃវ៉ាន់ថ្ងៃស្អែក” នៅក្នុងឧទាហរណ៍ជាក់ស្តែងចំពោះការព្រួយបារម្ភថា ប្រទេសចិនកំពុងរៀបចំធ្វើឱ្យបានល្អលើការគំរាមកំហែងរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំង ដើម្បីអះអាងការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពលើកោះ  តៃវ៉ាន់។

លោកបាននិយាយកាលពីថ្ងៃអង្គារផងដែរថា ប្រទេសចិនបានចេញផ្សាយក្រដាសមួយស្តីពី​គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) សំណើសន្តិសុខដ៏លេចធ្លោរបស់ប្រធានាធិបតី Xi Jinping ដែលមានគោលបំណងរក្សាគោលការណ៍នៃ “សន្តិសុខដែលមិនអាចបំបែកបាន” ដែលជាគំនិតគាំទ្រដោយប្រទេសរុស្ស៊ី។ គួរជម្រាបថា យ៉ាងណាក៏ដោយទីក្រុងប៉េកាំង​នៅតែ​បានប្រកាន់ខ្ជាប់ទំនាក់ទំនងការទូតស្អិតល្មួតជាមួយដៃគូរុស្ស៊ី “គ្មានដែនកំណត់”  និងបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រភព៖  France 24

ប្រភពរូប៖ France 24
ប្រែសម្រួល៖សុខ តុលា