អន្តរជាតិ

គណៈប្រតិភូតំណាងរាស្រ្តអាម៉េរិកបានធ្វើដំណើរទៅកោះតៃវ៉ាន់នៅសប្តាហ៍នេះ

គណៈប្រតិភូតំណាងរាស្រ្តសហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដោយបើកចំហនៅសប្តាហ៍នេះ  ដើម្បីពង្រឹងទំនាក់ទំនងទាំងសន្តិសុខ និងសេដ្ឋកិច្ច។

តាមសេចក្តីរាយការណ៍ដោយរ៉យទ័រនៅថ្ងៃអង្គារទី ២១​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គណៈប្រតិភូសភា រួមមានលោក Ro Khanna មកពីរដ្ឋកាលីហ្វ័រញ៉ា និង លោក Tony Gonzales មកពីរដ្ឋតិចសាស់ សុទ្ធតែបានមកដល់កោះតៃវ៉ាន់ដែលគ្រប់គ្រង ដោយខ្លួនឯងនៅដើមសប្តាហ៍នេះ បើទោះបីចំពេលមានភាពតានតឹងកាន់តែ ខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិនរឿងបាឡុងចារកម្ម។ លោក Ro Khanna ជាសមាជិកនៃគណៈកម្មាធិការជ្រើសតាំងសភាអាម៉េរិក និងជាអ្នកដឹកនាំគណៈប្រតិភូ ទ្វេភាគីរបស់អាម៉េរិក បានប្រាប់លោកស្រីសៃអ៊ីងវិន ប្រធានាធិបតីតៃវ៉ាន់ថា “យើងមកទីនេះដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច”។ Khanna ថែមទាំងលើកសរសើរលោក Morris Chang ដែលជាស្ថាបនិកក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ Taiwan Semiconductor Manufacturing Co Ltd សម្រាប់កិច្ចប្រជុំជាមួយគ្នាផងដែរ។ ហើយថា “នេះជារបៀបដែលយើងអាចបន្តកសាងភាពជាដៃគូសេដ្ឋកិច្ចលើបច្ចេកវិទ្យា និងជាការពិតណាស់ភាពជាដៃគូលើវិស័យយោធា និងការពារជាតិ” ។

ឆ្លើយតបយ៉ាងកក់ក្តៅ លោកស្រី Tsai បានប្រាប់សភាវិញថា “តៃវ៉ាន់ និងសហរដ្ឋអាម៉េរិកបន្តជំរុញការផ្លាស់ប្តូរយោធា ហើយឆ្ពោះទៅមុខ តៃវ៉ាន់នឹងសហការកាន់តែសកម្មជាមួយសហរដ្ឋអាម៉េរិក និងដៃគូប្រជាធិបតេយ្យផ្សេងទៀត ដើម្បីប្រឈមមុខនឹងបញ្ហាជាសកលដូចជា ការពង្រីកអំណាចផ្តាច់ការ និងការប្រែប្រួលអាកាសធាតុជាដើម”។

ជុំវិញដំណើរទស្សនកិច្ចនេះ ទីក្រុងប៉េកាំងមិនទាន់ចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មនោះទេ។ ចិនបានចាត់ទុកតៃវ៉ាន់ជាទឹកដីដែនកោះរបស់ខ្លួនជាប់ជានិច្ច ដោយមិនបោះបង់ឡើយ។ ចិនធ្លាប់និយាយថា នឹងប្រើគ្រប់មធ្យោបាយទាំងអស់ ទាំងការប្រើកម្លាំងដើម្បីយកកោះនោះមកវិញ៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា