សន្ដិសុខសង្គម

កំពុងស្រាវជ្រាវឆេះចម្ការស្វាយច្រើនហិកតា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆេះចម្ការស្វាយជាច្រើនហិកតា ត្រូវកម្លាំងអាជ្ញាធរជួយពន្លត់ទាន់ពេលវេលាមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិឡើយ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ភ្លើងបានឆាបឆេះយ៉ាងសន្ធោ​សន្ធៅចម្ការស្វាយអ្នកភូមិប្រមាណ៥-៦ហិកតា នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពេលមានភ្លើងឆេះ បង្កឱ្យប្រជាពលរដ្ឋមានការ​ភ័យខ្លាច​បារម្ភក្រែងរាលដល់ឆេះផ្ទះពួកគាត់នៅជិតៗនោះ។

មន្ត្រីដដែលបានបន្តថា ក្នុងហេតុការណ៍នោះត្រូវមន្ត្រីអាជ្ញាធរ-កងកម្លាំងចម្រុះ​ច្រើនសិបនាក់បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកជាង១០គ្រឿង ប្រើរយៈពេលជិត៤ម៉ោងទើបភ្លើងរលត់ជាស្ថាពរមិនបានរាលដាលនិងគ្រោះថ្នាក់ដល់មនុស្សទេ។ចំពោះមូលហេតុនៃការឆេះចម្ការស្វាយនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ៕ដោយ៖វិចិត្រ