សន្ដិសុខសង្គម

ឆេះបំផ្លាញផ្ទះ១ខ្នងនិងទ្រព្យសម្បត្តិអស់ប្រមាណជាង៣ម៉ឺនដុល្លារ

ក្រចេះ៖អគ្គិភ័យបានឆាបឆេះផ្ទះឈើប្រក់ក្បឿង១ខ្នង និងទ្រព្យសម្បត្តិជាច្រើនអស់ទាំងស្រុង និងរថយន្តមួយគ្រឿង គិតជាទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារ។ហេតុការណ៍នេះបានកើតឡើង នៅក្រោយបន្ទាយយោធាខេត្ដ ស្ថិតក្នុងភូមិអូរប្ញស្សី៣ សង្កាត់អូរប្ញស្សី ក្រុង/ខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។

មន្ត្រីនគរបាលក្រុងក្រចេះបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិ របស់ម្ចាស់ឈ្មោះ ជាន សុធី អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ វ៉ា ហ៉ាវ អាយុ ៣៥ឆ្នាំ​ នៅភូមិ សង្កាត់ខាងលើ ។ក្នុងហេតុការណ៍នេះបានបាត់បង់ខូចខាតទ្រព្យសម្បត្តិ-ផ្ទះធ្វើពីឈើប្រក់ក្បឿងទំហំ៦ម៉ែត្រគុណ១២ម៉ែត្រនិងទ្រព្យសម្បត្តិជាច្រើនឆេះអស់ទាំងស្រុង។ជាមួយនោះមានរថយន្ដមួយគ្រឿងម៉ាក កាមរីឆ្លាម ខូចខាតផ្នែកខាងមុខពាក់កណ្តាល។

គ្រោះមហន្តរាយនេះតាមការវាយតម្លៃគិតជាទឹកប្រាក់ប្រហែល៣០.០០០ដុល្លារ។ពេលភ្លើងកំពុងឆេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់ទឹកអស់៤រថយន្ត ទើបភ្លើងរលត់ទាំងស្រុង តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ករណីខាងលើសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖វីរ