អន្តរជាតិ

អ៊ុយក្រែន៖ មនុស្ស៣នាក់បានស្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីក្នុងទីក្រុងកំពង់ផែឃើសន

អ៊ុយក្រែនរាយការណ៍ថា៖ មនុស្ស៣នាក់បានស្លាប់ក្នុងការបាញ់ផ្លោងថ្មីរបស់រុស្ស៊ីនៅក្នុងទីក្រុងកំពង់ផែ​ឃើសនភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

អាជ្ញាធរក្នុងតំបន់ខាងអ៊ុយក្រែនបាននិយាយថា៖ ការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់សមាជិក​ពេញវ័យបីនាក់នៃគ្រួសារមួយនៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន។ មនុស្សបួននាក់ផ្សេងទៀត រួមទាំងកុមារពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ នៅពេលដែលគ្រាប់ផ្លោងមួយ​បានហោះចូលទៅក្នុងទីធ្លាផ្ទះមួយនៅក្នុងភូមិ Burgunka ។ រដ្ឋបាលក្នុងតំបន់បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយថា “អ្នកកាន់កាប់រុស្ស៊ីបានសម្លាប់គ្រួសារមួយនៅក្នុងតំបន់ Kherson”។ “មនុស្ស ៣ នាក់ដែលបានស្លាប់នៅកន្លែងកើតហេតុនៃសោកនាដកម្ម មានឪពុក ម្ដាយនិងពូ”។ ចំពោះព័ត៌មាននេះ រុស្ស៊ីមិនបានចេញមុខទទួលស្គាល់ខុសត្រូវនោះទេ។

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដាក់បញ្ចូល​តំបន់អ៊ុយក្រែន​ចំនួនបួន រួមទាំងតំបន់ Khersonនេះផងដែរ ក៏ប៉ុន្តែកាលពីខែវិច្ឆិកាឆ្នាំទៅ ទីក្រុងមូស្គូបានបញ្ជាឱ្យកងទ័ព​របស់ខ្លួនដកខ្លួនចេញរួចហើយ ក្នុងការបរាជ័យដ៏អាម៉ាស់សម្រាប់កងទ័ព រុស្ស៊ីចាប់តាំងពីដើមដំបូង​នៃសង្រ្គាម៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា