អន្តរជាតិ

ហ្សេឡិនស្គីអះអាងថា ការបង្ហូរឈាមដ៏សែនខ្លាំងកំពុងផ្ទុះឡើងនៅភាគខាងកើត

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងចុងក្រោយឈានចូលថ្ងៃចន្ទនេះថា ការបង្ហូរឈាមដ៏សែនខ្លាំងកំពុងបន្តផ្ទុះឡើងនៅសមរភូមិតំបន់ដុនបាសភាគខាងកើត ខណៈដែល​កងកម្លាំង​អ៊ុយក្រែនខិតខំប្រយុទ្ធយ៉ាងស្វាហាប់។

នេះដោយផ្អែកលើសុន្ទរកថាចុងក្រោយតាមវីដេអូយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក Zelenskyy។ លោកស្គីថា ស្ថានភាពសមរភូមិកំពុងប្រយុទ្ធគ្នាបាញ់ទៅបាញ់មករវាង  ភាគីទាំងពីរ ចំពេលដែលកម្លាំងរុស្ស៊ីសម្រុកវាយលុកខ្លាំងគួរឲ្យកត់សម្គាល់។ យ៉ាងណា លោកស្គីក៏បានបញ្ជាក់​អះអាងផងដែរថា ដ្បិតតែរុស្ស៊ីបុកខ្លាំងប៉ុនណាក៏ដោយ អ៊ុយក្រែននៅតែអាចបន្តទប់ទល់ជាប់ ព្រមទាំងបានធ្វើឲ្យមានការខូចខាតយ៉ាងដំណំទៅលើរុស្ស៊ី។  សម្រង់ប្រសាសន៍ដោយអាល់ចាហ្សេរ៉ា “ស្ថានការណ៍គឺស្មុគស្មាញណាស់ យើងកំពុងបំបែកអ្នកឈ្លានពាន និងធ្វើឱ្យមានការខាតបង់យ៉ាង​សំខាន់លើប្រទេសរុស្ស៊ី”។

ដោយបានសំដៅទៅលើសមរភូមិនៅតំបន់ដុនបាសភាគខាងកើត រួមមានខេត្តចំនួនពីរ ដូណេត និងលូហាន់ លោកស្គីថា នៅដូណេត ពិសេសនៅត្រង់ចំណុចខ្សែបន្ទាត់ប្រសព្វ Bakhmut, Vuhledar, Marinka, Kreminna – រុស្ស៊ីបានខាតបង់ធនធានយ៉ាងសម្បើម មានន័យថា រុស្ស៊ីនឹងមិនងាយវាយ​អ៊ុយក្រែនបានដោយស្រួលៗឡើយ។

ជុំវិញការអះអាងនេះ មិនទាន់មានសារព័ត៌មានឯករាជ្យណាមួយអាចធ្វើការផ្ទៀងផ្ទាត់​បានត្រឹមត្រូវនោះទេ។ ចំណែកប្រធានទាហានស៊ីឈ្នួលរុស្ស៊ីក៏បានទទួលស្គាល់ថ្មីៗនេះដែរថា អ៊ុយក្រែនមានកម្លាំងច្រើន និងបានបន្តបញ្ជូនកម្លាំងបម្រុងរាប់សិបនាក់មកកាន់សមរភូមិជួរមុខ ដែលធ្វើឲ្យការវាយបុករុស្ស៊ីអាចចំណាយពេលយូរ ក៏ប៉ុន្តែចំពោះ Bakhmut រុស្ស៊ីនឹងកំណត់​គោលដៅវាយឲ្យបែកត្រឹមខែមេសា៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា