អន្តរជាតិ

ស្លាប់ជិត៤០នាក់នៅប្រទេសប្រេស៊ីល ដោយសារភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី

ក្រឡេកទៅឯប្រេស៊ីលវិញ មនុស្សជិត៤០នាក់បានស្លាប់នៅភាគអាគ្នេយ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង​កាលពីថ្ងៃអាទិត្យបង្កជាគ្រោះមហន្តរាយទឹកជំនន់ និងរអិលបាក់ដី។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធររដ្ឋ Sao Paulo ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យទី ១៩​ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ភ្លៀងបានបន្តធ្លាក់ខ្លាំងនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ដែលបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីទាំងផ្ទាំងៗ ដោយបានសម្លាប់មនុស្ស​យ៉ាងហោចណាស់ ៣៦ នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសខ្លួន។ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកជនរងគ្រោះ តភ្ជាប់ផ្លូវថ្នល់សហគមន៍ដាច់ស្រយាលឡើងវិញ ខណៈផ្លូវមួយចំនួននៅតែត្រូវបានបិទ ជាប់គាំងមនុស្សម្នា អ្នកទេសចរដែលនាំគ្នាទៅលេងពិធីបុណ្យ​ប្រទេសប្រេស៊ីល។ បើតាមសារព័ត៌មានក្នុងស្រុក ប្រតិបត្តិការនៅកំពង់ផែ Santos ដែលជាកំពង់ផែ​ធំបំផុតរបស់អាម៉េរិកឡាទីន ត្រូវបានរំខានចំពេលមានខ្យល់កន្រ្តាក់ខ្លាំងជាង ៥៥ គីឡូម៉ែត្រ​ក្នុងមួយម៉ោង និងរលកទឹកកម្ពស់ជាងមួយម៉ែត្រ។

ការព្យាករណ៍អាកាសធាតុបានបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តបង្អុរចុះនៅតំបន់ឆ្នេរសមុទ្រ Sao Paulo បន្ថែមទៀត ហើយត្រូវតែត្រៀមទុកក្រុមការពារជនស៊ីវិល ក្រុមសង្គ្រោះរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ខណៈចំនួនអ្នកស្លាប់រំពឹងថាអាចនឹងកាន់តែខ្ពស់៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា