សន្ដិសុខសង្គម

ម៉ូតូបុករថយន្តកែច្នៃបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ភ្លាម

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូបុករថយន្តកែច្នៃដែលខូច ចតលើចិញ្ចើមផ្លូវពេលយប់គ្មានភ្លើងសញ្ញាសម្គាល់ បណ្ដាលឱ្យស្លាប់៣នាក់ភ្លាម។ហេតុការណ៍នេះបានកើតឡើងឋិតនៅតាមផ្លូវលេខ១៤៦B ជិតច្រកចូលផ្លូវល្បឿនលឿន ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តកែច្នៃបានខូចរួចចតទុកចោលនៅលើចិញ្ចើមផ្លូវ ពេលយប់ដោយមិនមានភ្លើងសញ្ញាសម្គាល់ឱ្យឃើញ។ពេលនោះមានសិស្សសាលា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខកំពត1M 4958 មកបុកពីក្រោយពេញ ទំហឹងបណ្តាលឱ្យដួលស្លាប់ភ្លាមទាំង៣នាក់តែម្តង។

ក្មេងប្រុសសិស្សសាលាបាត់បង់ជីវិត ឈ្មោះស្រៀង ហួយហ័រ អាយុ១៧ឆ្នាំ ឈ្មោះផន លីអ៊ី អាយុ១៥ឆ្នាំ និងឈ្មោះជឿន បញ្ញា អាយុ១៨ឆ្នាំ។ពួកគេជាសិស្សនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ចំណែកតៃកុងរថយន្តកែច្នៃពេលមានគ្រោះថ្នាក់កើតឡើងមិនឃើញនៅ កន្លែងកើតហេតុទេ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូនិងរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ និងបន្តតាមរកម្ចាស់រថយន្តនោះមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ