អន្តរជាតិ

ប្រធានគោលនយោបាយEU នឹងពិភាក្សាផែនការបញ្ជាទិញគ្រាប់រំសេវធំៗឲ្យអ៊ុយក្រែនបន្ទាន់នៅថ្ងៃចន្ទនេះ

ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក Josep Borrell ត្រូវបានគេដឹងថា នឹងចូលខ្លួនពិភាក្សាលើ​សំណើផែនការបញ្ជាទិញអាវុធបន្ទាន់សម្រាប់អ៊ុយក្រែន ដែលបានស្នើឡើងដោយភាគីអេស្តូនី។

យោងតាមសារព័ត៌មានអាល់ចាហ្សេរ៉ា ការជួបពិភាក្សារដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនឹង​ធ្វើឡើងនៅថ្ងៃចន្ទទី ២០ ខែកុម្ភៈនេះ នៅក្នុងទីក្រុងព្រុចស៊ែល ខណៈដែលប្រធានគោល​នយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell នឹងគាំទ្រការអំពាវនាវឱ្យ​សមាជិកនៃប្លុកនេះ ធ្វើការបញ្ជាទិញអាវុធរួមគ្នាយកទៅជួយអ៊ុយក្រែនបន្ទាន់។ សំណើផែនការនេះ ត្រូវបានស្នើឡើងដោយភាគីអេស្តូនី នៅក្នុងការពិភាក្សាជាក្រុមជាមួយនាយករដ្ឋមន្ត្រីអេស្តូនី លោក Kaja Kallas នៅទីក្រុង Munich កាលពីថ្ងៃអាទិត្យ ដែលលោក Borrell បាននិយាយថា “ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងសំណើរបស់នាយករដ្ឋមន្ត្រីអេស្តូនី យើងកំពុងធ្វើការលើវា ហើយវានឹងដំណើរការ”។

បើតាមមន្ត្រីសហភាពអឺរ៉ុប និងអ្នកការទូតពាក់ព័ន្ធបានឲ្យដឹងបន្ថែមថា ពួកគេកំពុងស្វែងរកជាបន្ទាន់នូវលទ្ធភាពនៃការទិញរួមគ្នានូវគ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រ ដើម្បីជួយក្រុង Kyiv ការពារខ្លួនប្រឆាំងនឹងការសម្រុកវាយលុកខ្លាំងពីរុស្ស៊ីនាពេលឥឡូវនេះ ខណៈដែលអ៊ុយក្រែនបានប្រើគ្រាប់អស់ក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ ថ្វីបើបែបនេះ លោក Borrell បានបញ្ជាក់ថា ការបញ្ជូនត្រូវតែយកចេញពីស្តុកនៅសល់ស្រាប់ មិនអាចរង់ចាំផលិតថ្មីទេ ព្រោះអ៊ុយក្រែនត្រូវការជាបន្ទាន់៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា