អន្តរជាតិ

ប្រធានគណបក្សសាធារណរដ្ឋអាម៉េរិក លើកឡើងទឹកចិត្តហ្សេឡិនស្គីគាំទ្រជំនួយអ៊ុយក្រែន

ប្រធានគណបក្សសាធារណរដ្ឋរបស់អាម៉េរិក បានសំដែងការលើកទឹកចិត្ត និងគាំទ្រដល់ជំនួយអ៊ុយក្រែន ទោះបីជាមានសំឡេងប្រឆាំងមួយចំនួននៅក្នុងជួរបក្សរបស់គាត់ក៏ដោយ។

មេដឹកនាំគណបក្សសាធារណរដ្ឋរបស់ព្រឹទ្ធសភាអាម៉េរិក លោក Mitch McConnell កាលពីចុងសប្តាហ៍​កន្លងទៅនេះ បានប្រាប់អ្នកចូលរួមនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថា៖ ការគាំទ្រពីភាពជាអ្នកដឹកនាំរបស់គណបក្សសាធារណរដ្ឋ ក្នុងការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន​គឺស្ថិតក្នុងលក្ខខណ្ឌនាំមុខ ខណៈវាគឺជាការជួយដល់អ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់​រុស្ស៊ី។ លោក McConnell បានមានប្រសាសន៍លើកទឹកចិត្តដល់មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ក្នុងនាមជាមេបក្សកុំឲ្យបាក់ទឹកចិត្ត និងកុំចាញ់ការឃោសនាតាមបណ្តាញសង្គម បើទោះបីជាមាន​សំឡេង​ប្រឆាំងមួយចំនួនហាក់លេចឮសុសសាយក៏ដោយ។

Connell បាននិយាយថា៖ “របាយការណ៍ដែលថាមានអ្នកមិនគាំទ្រចេញពីខាងគណបក្ស​សាធារណរដ្ឋរបស់អាម៉េរិកត្រូវបានបំផ្លើសយ៉ាងខ្លាំង”។ មេដឹកនាំសាធារណរដ្ឋមានការ​ប្តេជ្ញាចិត្តចំពោះសម្ព័ន្ធភាពឆ្លងអាត្លង់ទិកដ៏រឹងមាំ។ យើងប្តេជ្ញាជួយអ៊ុយក្រែនមិនមែនដោយសារ​តែអំណះអំណាងខាងសីលធម៌ ឬអរូបីដូចជាអ្វីដែលគេហៅថា “សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់” ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែផលប្រយោជន៍ជាតិស្នូលរបស់អាម៉េរិក និងដោយសារសន្តិសុខរបស់យើងមានទំនាក់ទំនងគ្នា សេដ្ឋកិច្ចរបស់យើងមានទំនាក់ទំនងគ្នា”។ ជាចុងក្រោយ Connell ថា “សូមកុំមើលបណ្តាញTwitterឲ្យសោះ សូមមើលមនុស្សដែលកាន់អំណាច”។

ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក សហរដ្ឋអាម៉េរិកគឺជាអ្នករួមចំណែកកំពូល ជាឃ្លាំងជំនួយធំជាងគេ​របស់អ៊ុយក្រែន។ អាម៉េរិកបានផ្តល់ប្រាក់ជាង ១១០ ពាន់លានដុល្លារជាជំនួយផ្នែកហិរញ្ញវត្ថុ យោធា និងមនុស្សធម៌ រួមបញ្ចូលទាំងជំនួយសន្តិសុខប្រមាណជាង ២៧,៤ ពាន់លានដុល្លារ៕

ប្រភព៖  NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា